ឥណ្ឌា នៅក្នុងនាមជាប្រជាជាតិ ដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៥ កំពុងដាក់គោលដៅនៅក្នុងការប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផលិតកម្មបន្ទះសៀគ្វីអេឡិចត្រូនិកថ្មីមួយនៅលើពិភពលោក។ មហាអំណាចអាស៊ីខាងត្បូងមួយនេះចង់ពង្រីកផលិតកម្មផលិតឈីប ដែលនៅពេលនេះមានទំហំត្រឹមតែ១៥៥ពាន់លានដុល្លារឱ្យឡើងដល់៥០០ពាន់លានដុល្លារនៅមុនឆ្នាំ២០៣០។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNBC។
ឥណ្ឌាដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី៥ នៅលើពិភពលោកដាក់គោលប្រែក្លាយខ្លួនឱ្យក្លាយជាមហាអំណាចលើផលិតកម្មបន្ទះសៀគ្វី ឬបន្ទះឈីបនៅពិភពលោក ខណៈប្រទេសដែលមានប្រជាជនច្រើនជាងគេមួយនេះកំពុងជំរុញឱ្យមានការពឹងផ្អែកលើខ្លួនឯងក្នុងវិស័យផលិតកម្មដែលមានតម្លៃដ៏ធំធេងសម្រាប់សេដ្ឋកិច្ចមួយនេះ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ( Narendra Modi) បានកំណត់គោលដៅជាច្រើនដើម្បីជំរុញឱ្យវិស័យបន្ទះឈីបរបស់ខ្លួនដំណើរការទៅមុខ ដោយគោលដៅចុងក្រោយបំផុត និងធំបំផុត គឺការពង្រីកវិស័យដ៏មានសក្តានុពលនេះឱ្យកើនឡើងពីទំហំ១៥៥ពាន់លានដុល្លារឲ្យដល់ទំហំ៥00ពាន់លានដុល្លារនៅឆ្នាំ២០៣០ខាងមុខ។
ពាក់ព័ន្ធនឹងផែនការនេះ អ្នកជំនាញបានលើកឡើងថា នេះអាចជាគោលដៅដ៏មហិមា ហើយឥណ្ឌាពិតជាមិនអាចសម្រេចបានគោលដៅនេះដោយខ្លួនឯងបាននោះទេ។ លោក អេរី អ៊ីគីដា (Eri Ikeda) ជំនួយការសាស្ត្រាចារ្យនៅនាយកដ្ឋានគ្រប់គ្រងការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា នៅក្នុងទីក្រុងញូដេលី បាននិយាយថា ល្បឿននៃការអភិវឌ្ឍឧស្សាហកម្មបន្ទះឈីបរបស់ឥណ្ឌាហាក់ដូចជាលឿន និងមានសន្ទុះខ្លាំង ប៉ុន្តែតាមពិតឥណ្ឌា ទើបតែចាប់ផ្តើមអភិវឌ្ឍន៍ឧស្សាហកម្មនេះតែប៉ុណ្ណោះ។
បើតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាតៃវ៉ាន់ Trendforce បានបង្ហាញថា តៃវ៉ាន់ គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក ដែលកាន់កាប់ចំណែកទីផ្សារពិភពលោកប្រមាណ៤៤% តាមពីក្រោយដោយប្រទេសចិន ដែលមានចំណែកទីផ្សា២៨% កូរ៉េខាងត្បូង១២% សហរដ្ឋអាម៉េរិក ៦% និងជប៉ុន២%។
ដោយឡែក លោក រីស៊ី បាណាហ្គា (Rishi Bhatnagar) ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានវិស្វកម្ម និងបច្ចេកវិទ្យានាពេលអនាគតរបស់ឥណ្ឌា បាននិយាយថា កុំថាឡើយដល់តៃវ៉ាន់ ត្រឹមតែចិន ក៏ឥណ្ឌាស្ថិតនៅឆ្ងាយដែរ នៅក្នុងផលិតកម្មបន្ទះឈីបនេះ។ លោកបានបន្តថា នៅពេលនេះ ទោះបីជាឥណ្ឌាអាចរត់បានលឿន និងតាមទាន់ចិន ក៏ដោយ តែកុំភ្លេចថា ចិនក៏មិននៅចាំឲ្យឥណ្ឌារត់មកទាន់នោះដែរ។
គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២៤ ប្រទេសចិន ជាដៃគូពាណិជ្ជកម្មកំពូលរបស់ឥណ្ឌា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ទំហំជាង១១៨ពាន់លានដុល្លារ ហើយក្នុងនោះ ទិន្នន័យពីក្រសួងការបរទេសបានបង្ហាញថា ការនាំចូលគ្រឿងបន្លាស់ទូរគមនាគមន៍ និងស្មាតហ្វូនរបស់ឥណ្ឌាពីចិន មានទំហំរហូតដល់ទៅ៤,២ពាន់លានដុល្លារទៅហើយ។ អ្នកជំនាញនៅពេលនេះបានលើកឡើងថា ដើម្បីសម្រេចបាននូវមហិច្ឆតាជាមហាអំណាចនៃផលិតកម្មបន្ទះឈីបពិភពលោក ឥណ្ឌាទំនងជាត្រូវការចិន តៃវ៉ាន់ និងអាម៉េរិក៕