(បាងកក)៖ តម្លៃអង្ករសម្រាប់នាំចេញរបស់ប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាប ក្នុងរយៈពេល ១៤ខែក្នុងសប្តាហ៍នេះ ដោយសារតម្រូវការទាប និងការប្រកួតប្រជែងពីគូប្រជែង ខណៈពេលដែលតម្លៃអង្កររបស់ឥណ្ឌាបានកើនឡើងខ្ពស់ ដោយសារការឡើងថ្លៃប្រាក់រូពី បើទោះបីជាតម្រូវការធ្លាក់ចុះពីអតិថិន មកពីទ្វីបអាស៊ីនិងអាហ្រ្វិកក៏ដោយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា តម្លៃគោលសម្រាប់អង្ករប្រភេទបាក់ ៥% ដែលនាំចេញពីប្រទេសថៃត្រូវបានស្រង់តម្លៃ ៥៦០ដុល្លារក្នុងមួយតោន ដែលជាកម្រិតតម្លៃទាបបំផុតគិតចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៣ និងធ្លាក់ចុះពី ៥៦៥ដុល្លារកាលពីសប្តាហ៍មុន។
ពាណិជ្ជករមួយរូបដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា មានតម្រូវការមកពីប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែគូប្រកួតប្រជែងកំពុងទិញអង្ករ ពីប្រទេសនាំចេញអង្ករផ្សេងទៀតក្នុងតម្លៃទាប។ ពាណិជ្ជករ រូបនេះបានបន្ថែម ថា ការធ្លាក់ចុះថ្លៃប្រាក់បាតនឹងជួយធ្វើឱ្យតម្លៃធ្លាក់ចុះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Pichai Naripthaphan បាននិយាយថា ផលប៉ះពាល់នៃការឡើងថ្លៃប្រាក់បាត លើការនាំចេញនឹងកើតមាន ក្នុងរយៈពេលបីខែខាងមុខ ជាពិសេសលើទំនិញកសិកម្ម។
ពាណិជ្ជករម្នាក់ទៀតបានប្រាប់បាងកកប៉ុស្តិ៍ថា ទីផ្សារកំពុងរង់ចាំមើលការផ្លាស់ប្តូរគោលនយោបាយ អង្កររបស់ប្រទេសឥណ្ឌា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ហើយការផ្គត់ផ្គង់ស្ថិតក្នុងដំណាក់កាលប្រមូលផល។ អង្ករស្ងោប្រភេទបាក់ ៥% ពីប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញលំដាប់កំពូលរបស់ពិភពលោក ត្រូវបានស្រង់តម្លៃ ៥៣៦ដុល្លារក្នុងមួយតោនក្នុងសប្តាហ៍នេះ កើនឡើងពី ៥៣៤ដុល្លារសប្តាហ៍មុន ដែលជាតម្លៃទាបបំផុត ចាប់តាំងពីពាក់កណ្តាលខែមករា។
យោងតាមសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា អង្ករបាក់ប្រភេទ ៥% របស់វៀតណាមត្រូវបានស្រង់តម្លៃ ៥៦៥ដុល្លារក្នុងមួយតោនកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមពាណិជ្ជករបានឱ្យដឹងថា កាលពីសប្តាហ៍មុនអង្ករប្រភេទនេះ មានតម្លៃប្រហែល ៥៨០ដុល្លារក្នុងមួយតោន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕