គិតត្រឹម ៦ខែឆ្នាំនេះ ធនាគារកណ្តាលទូទាំងពិភពលោកបានទិញមាសបម្រុងសរុបចំនួន ៤៨៣ តោន។ ប្រទេសដែលមានទុនបម្រុងមាសទាំង១០ មាន អាម៉េរិក អាល្លឺម៉ង់ អ៊ីតាលី បារាំង រុស្ស៊ី ចិន ស្វីស ជប៉ុន ឥណ្ទា និងហូឡង់។
តម្លៃមាសបានកើនឡើងប្រហែល ២០ភាគរយចាប់តាំងពីដើមឆ្នាំ ស្របពេលមានការកើនឡើងនៃការទិញដោយធនាគារកណ្តាលធំៗ ក៏ដូចជាតម្រូវការខ្ពស់នៅក្នុងប្រទេសចិន។ លើសពីនេះ ចំណាប់អារម្មណ៍លើទ្រព្យសម្បត្តិដូចជាមាស ដោយសារអស្ថិរភាពភូមិសាស្ត្រនយោបាយ ក៏ជាមូលហេតុដែលធ្វើឲ្យតម្លៃលោហៈប្រភេទនេះឡើងថ្លៃខ្លាំងដែរ។
ក្រាហ្វិកខាងក្រោមរួមបញ្ចូលប្រទេសទាំង ១០ ដែលមានទុនបំរុងមាសធំបំផុតនៅធនាគារកណ្តាល ដោយផ្អែកលើទិន្នន័យពីក្រុមប្រឹក្សាមាសពិភពលោក (WGC) គិតត្រឹមខែឧសភា ឆ្នាំ២០២៤។
តាមក្រាហ្វខាងលើ អាម៉េរិកកំពុងនាំមុខគេដោយមាសចំនួន ៨១៣៣តោន ដែលមានតម្លៃ ៦២៨ ពាន់លានដុល្លារ។ ពាក់កណ្តាលនៃមាសនេះត្រូវបានរក្សាទុកនៅឃ្លាំងស្តុកមាសរបស់អាម៉េរិក ដែលត្រូវបានគេស្គាល់ជាទូទៅថា Fort Knox ។ នេះជាមជ្ឈមណ្ឌលស្តុកមាសរបស់អាម៉េរិក ដែលមានទីតាំងស្ថិតនៅជាប់នឹងមូលដ្ឋានយោធាក្នុងរដ្ឋ Kentucky។ មជ្ឈមណ្ឌលនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងរតនាគារអាម៉េរិក។
តាមពីក្រោយអាមេរិកគឺអាល្លឺម៉ង់ និងអ៊ីតាលីដែលមានមាស ៣៣៥១តោន និង ២៤៥២តោននៅធនាគារកណ្តាលរៀងខ្លួន។
តាមពិតទៅ មាសពិភពលោកភាគច្រើន គឺស្ថិតនៅក្នុងដៃរបស់ធនាគារកណ្តាលគ្រប់គ្រង។ ធនាគារកណ្តាល ជាកន្លែងដែលប្រហែល ២០ភាគរយនៃមាសសរុបដែលជីកបាននៅលើពិភពលោក។
នៅឆមាសទី១ ឆ្នាំ២០២៤ ធនាគារកណ្តាលទូទាំងប្រទេសបានទិញមាសសរុបចំនួន ៤៨៣តោន ដែលជាកំណត់ត្រាថ្មីមួយ។ តួកគី ជាប្រទេសដែលបានទិញច្រើនជាងគេក្នុងឆមាសទី១ឆ្នាំនេះ មានចំនួន ៤៥តោន។ តាមពីក្រោយដោយឥណ្ឌា៣៧ តោន។ មូលហេតុដែលតួកគីទិញមាសបម្រុងច្រើន ដោយសារប្រទេសនេះ ចង់ការពារពីការធ្លាក់ចុះរូបិយប័ណ្ណរបស់ខ្លួន បន្ទាប់ពីមានការកើនឡើងអតិផរណាខ្ពស់។
ចំណែក ធនាគារកណ្តាលចិន (PBOC) ដែលតែងតែទិញមាសក្នុងបរិមាណឈានមុខគេរបស់ពិភពលោកនាពេលថ្មីៗនេះ បានបន្ថយល្បឿននៃការទិញរបស់ខ្លួន ព្រមទាំងបានបញ្ឈប់ការទិញនៅក្នុងខែឧសភា និងខែមិថុនា។ កន្លងមក PBOC បន្តបង្កើនការរក្សាទុកមាសក្នុងរយៈពេល ១៨ខែជាប់ៗគ្នា។ មូលហេតុដែលចិនបញ្ជាទិញមាសច្រើនកន្លងមក ដោយសារតែមិនពឹងផ្អែកលើប្រាក់ដុល្លាររបស់អាម៉េរិក។ ចិនជាប់ចំណាត់ថ្នាក់ទី៦ ទាក់ទងនឹងទុនបម្រុងមាសនៅធនាគារកណ្តាលដែលមាន ២២៦៤តោនគិតត្រឹមចុងខែឧសភាឆ្នាំ២០២៤៕