ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានអូសបន្លាយពេលជាងពីរឆ្នាំ ធ្វើឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើទីក្រុងមូស្គូ ហើយប្រកាសបន្តគាំទ្រក្រុងកៀវយ៉ាងពេញទំហឹង។ យ៉ាងណាមិញ ប្រទេសនៅអឺរ៉ុបភាពច្រើនបានប្រឈមការនាំចូលឧស្ម័នពីរុស្ស៊ី។
ចាប់តាំងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ អឺរ៉ុបបានប្រឈមមុខនឹងបញ្ហាថាមពលជាបន្តបន្ទាប់។ ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី ក៏ទ្វីបនេះនៅតែបន្តទទួលឧស្ម័នពីទីក្រុងម៉ូស្គូ។ នោះបង្កើតជាសំណួរថា ហេតុអ្វីបានជាអឺរ៉ុបនៅតែរក្សាការពឹងផ្អែកនេះ បើទោះបីជាមានការខិតខំប្រឹងប្រែង និងការដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងរុស្ស៊ី?
ការពឹងផ្អែកលើថាមពល
មុនពេលជម្លោះផ្ទុះឡើង រុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិប្រហែល ៤០ភាគរយដល់អឺរ៉ុប។ ឧស្ម័នត្រូវបានដឹកជញ្ជូនតាមផ្លូវបំពង់ជាច្រើនរួមទាំង Nord Stream ក្រោមសមុទ្របាល់ទិក បេឡារុស្ស ប៉ូឡូញ អ៊ុយក្រែន និងតាមបំពង់បង្ហូរឧស្ម័ន Turk Stream របស់តួកគី។ ប៉ុន្តែ នៅពេលសង្គ្រាមផ្ទុះឡើង វិមានក្រឹមឡាំងបានកាត់ផ្តាច់ការផ្គត់ផ្គង់ភាគច្រើនតាមរយៈបំពង់បង្ហូរប្រេងទាំងនេះ ជាពិសេសតាមរយៈ Nord Stream និងបេឡារុស្ស-ប៉ូឡូញ។ នោះបាននាំឱ្យមានវិបត្តិថាមពលធ្ងន់ធ្ងរនៅអឺរ៉ុប។
ទោះបីជាមានការដាក់ទណ្ឌកម្ម និងសកម្មភាពយោធាពីសំណាក់អ៊ុយក្រែន ក៏ឧស្ម័នរុស្ស៊ីនៅតែបន្តហូរចូលអឺរ៉ុបតាមរយៈស្ថានីយ Sudzha ដែលជាចំណុចឆ្លងកាត់ដ៏សំខាន់នៅក្នុងទីក្រុង Sudzha របស់រុស្ស៊ី។ ស្ថានីយនេះមានទីតាំងនៅលើបំពង់បង្ហូរឧស្ម័នពីស៊ីបេរីឆ្លងកាត់អ៊ុយក្រែនទៅអឺរ៉ុប។ ទោះបីជាអ៊ុយក្រែននៅតែបន្តការវាយប្រហារខ្លួនលើតំបន់ Kursk ក៏ដោយ ក៏ស្ថានីយ Sudzha នៅតែដំណើរការដដែល។
យោងតាមប្រតិបត្តិករប្រព័ន្ធបញ្ជូនឧស្ម័នរបស់អ៊ុយក្រែន បរិមាណឧស្ម័នតាមរយៈ Sudzha នៅតែមានស្ថិរភាព ជាមួយនឹងឧស្ម័នប្រហែល ៤២,៤លានម៉ែត្រគូប ដែលគ្រោងនឹងដឹកជញ្ជូនកាលពីដើមខែកញ្ញា។
មុនជម្លោះ រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំក្នុងការដឹកជញ្ជូនឧស្ម័នតាមប្រព័ន្ធបំពង់បង្ហូរប្រេងរបស់អ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យរុស្ស៊ីបន្តផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុបតាមរយៈអ៊ុយក្រែន ហើយក្រុងកៀវប្រមូលថ្លៃដឹកជញ្ជូន។ ទោះបីជាកិច្ចព្រមព្រៀងនេះ ហៀបនឹងផុតកំណត់នៅចុងឆ្នាំនេះក៏ដោយ ប៉ុន្តែអ៊ុយក្រែនមិនមានចេតនារារាំង ឬកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នតាមរយៈ Sudzha នោះទេ ហេតុផលចម្បងគឺដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច និងរក្សាប្រាក់ចំណូលពីថ្លៃដឹកជញ្ជូន។
ភាពលំបាកក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់
អឺរ៉ុបបានព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើឧស្ម័នរុស្ស៊ី ដោយស្វែងរកប្រភពផ្គត់ផ្គង់ជំនួស។ អាល្លឺម៉ង់បានចំណាយប្រាក់រាប់ពាន់លានអឺរ៉ូដើម្បីបង្កើតស្ថានីយអណ្តែតទឹកដើម្បីនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ហើយន័រវែស និងអាម៉េរិកបានក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុតពីរដើម្បីបំពេញចន្លោះនេះ។ ទោះជាយ៉ាងណាក៏ដោយ ការជំនួសឧស្ម័នរុស្ស៊ីមិនមែនជាកិច្ចការសាមញ្ញទេ។
អូទ្រីស ដែលជាប្រទេសមួយពឹងផ្អែកខ្លាំងលើឧស្ម័នរុស្ស៊ី បានបង្កើនការនាំចូលឧស្ម័នពីរុស្ស៊ីពី ៨០ភាគរយទៅ ៩៨ភាគរយ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ ទន្ទឹមនេះ អ៊ីតាលីបានកាត់បន្ថយការនាំចូលឧស្ម័នដោយផ្ទាល់ពីរុស្ស៊ី ប៉ុន្តែនៅតែទទួលបានឧស្ម័នដែលមានប្រភពមកពីរុស្ស៊ីតាមរយៈអូទ្រីស។ អឺរ៉ុបក៏បន្តនាំចូលឧស្ម័នរាវដែរ ប៉ុន្តែបរិមាណឧស្ម័ននេះនៅតែមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការដ៏ច្រើនរបស់ខ្លួន។
ប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួនដូចជា រ៉ូម៉ានី និងហុងគ្រី បានចុះកិច្ចសន្យាឧស្ម័នជាមួយតួកគី ដែលជាប្រទេសដែលនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី។ លោកស្រី Armida van Rijd អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Royal Institute of International Affairs នៅទីក្រុងឡុងដ៍យល់ឃើញថា ឧស្ម័នរបស់រុស្ស៊ីកំពុងត្រូវបានដឹកជញ្ជូនយ៉ាងមមាញឹកតាមរយៈអាស៊ែបៃហ្សង់និងតួកគីដើម្បីបំពេញតម្រូវការអឺរ៉ុប។ នេះតាមបើតាមសារព័ត៌មាន Euronews នៅថ្ងៃទី១៥ ខែសីហា។
មានហេតុផលជាច្រើនដើម្បីពន្យល់ថាអឺរ៉ុបនៅតែពឹងផ្អែកលើឧស្ម័នរុស្ស៊ី។ ទីមួយ ការកាត់បន្ថយ ឬបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៊ីអាចបង្កឱ្យមានការលំបាកផ្នែកថាមពលសម្រាប់ប្រទេសជាច្រើន ជាពិសេសក្នុងបរិបទនៃអតិផរណាខ្ពស់ និងវិបត្តិតម្លៃរស់នៅ។ ការធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពលប្រឈមមុខនឹងឧបសគ្គជាច្រើន ជាពិសេសនៅពេលប្រទេសជាច្រើនប្រឈមនឹងការខ្វះខាតការផ្គត់ផ្គង់ និងតម្លៃថាមពលខ្ពស់។
ជាងនេះទៅទៀត ប្រទេសអឺរ៉ុបមួយចំនួនមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ហើយពឹងផ្អែកលើឧស្ម័នរុស្ស៊ីច្រើនជាងប្រទេសដទៃទៀត។ ជាឧទាហរណ៍ ហុងគ្រីបានក្លាយទៅជាកត្តារាំងស្ទះមួយសម្រាប់សហភាពអឺរ៉ុប ដោយមានភាពយឺតយ៉ាវក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលមួយផ្នែកដោយសារតែការពឹងផ្អែកលើថាមពលរុស្ស៊ី និងទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង។
ជារួម អឺរ៉ុបនៅតែបន្តទទួលឧស្ម័នពីរុស្ស៊ី ព្រោះទីក្រុងមូស្គូជាប្រភពថាមពលដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ប្រទេសនៅអឺរ៉ុបដែលមិនទាន់មានប្រទេសណាមួយជំនួសបាន៕