(ភ្នំពេញ)៖ យ៉ាងហោចណាស់មានអ្នកដំណើរប្រមាណជិត១ម៉ឺននាក់ កាលពីថ្ងៃទី ៦ តុលា បានធ្វើដំណើរចូលប្រទេសកម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយមាន៨១សញ្ជាតិ ហើយក្នុងនោះមានជនជាតិចិនច្រើនជាងគេ។នេះបើយោងតាមរបាយការណ៍របស់លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យអាកាសចរស៊ីវិល។
លោក ស៉ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា សមាសភាពអ្នកដំណើរចូលប្រទេសកម្ពុជាកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ មានចំនួនសរុបចំនួន ៩៨៩៦ នាក់ មាន ៨១សញ្ជាតិ។ប្រទេសនាំមុខ៥ប្រទេសមាន៖ ចិន ៣១៥៥នាក់, ខ្មែរ ២៨៦១នាក់, ម៉ាឡេស៊ី ៣១៣នាក់, កូរ៉េខាងត្បូង ២៨៦នាក់ និង ថៃ ២៤២នាក់។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រំពឹងទុកថា ចំនួនជើង ហោះ ហើរអាចនឹងបន្តកើនឡើងបន្ថែមទៀតនៅពេលខាងមុខ ជាពិសេស ចាប់ពីខែតុលាចុងឆ្នាំ២០២៤នេះ។រំពឹងកើន ក្រោមហេតុផលថា ជារដូវកាល High Season ដែលជារដូវកាលភ្ញៀវទេសចរចេញដើរលេងកម្សាន្តក្រៅប្រទេស៕