Alynana Media Cambodia
Icon Collap
clinic narit

តើមានកត្តាចម្បងអ្វីជំរុញឱ្យចិន ផ្អាកទិញចូលមាសសម្រាប់ធ្វើជាទុនបម្រុង៥ខែជាប់ៗគ្នា?

Media LNN | Oct 08, 2024
តើមានកត្តាចម្បងអ្វីជំរុញឱ្យចិន ផ្អាកទិញចូលមាសសម្រាប់ធ្វើជាទុនបម្រុង៥ខែជាប់ៗគ្នា?
Clinic narith

ទិន្នន័យផ្លូវការបានបង្ហាញថា ធនាគារកណ្តាលចិន ដែលជាអ្នកទិញចូលមាសច្រើនជាងគេកាលពីឆ្នាំ២០២៣ បានផ្អាកទិញចូលមាសបម្រុងរបស់ខ្លួនរយៈពេល៥ខែជាប់ៗគ្នាគិតត្រឹមខែកញ្ញា ឆ្នាំនេះ។ តើមានកត្តាចម្បងអ្វីជំរុញឱ្យមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះផ្អាកទិញចូលមាសបម្រុងច្រើនខែជាប់ៗគ្នាបែបនេះ?

ធនាគារកណ្តាលចិន បានផ្អាកទិញចូលមាសបម្រុងរបស់ខ្លួនរយៈពេល៥ខែជាប់ៗគ្នាគិតត្រឹមខែកញ្ញា ឆ្នាំនេះ ពោលគឺគិតមកត្រឹមដំណាច់ខែកញ្ញា កន្លងទៅថ្មីៗនេះ ធនាគារកណ្ដាលចិន មានមាសបម្រុងសរុបប្រមាណ២.៥០០តោន ហើយកត្តាដ៏ចម្បងនៃការផ្អាកទិញចូលនេះ គឺដោយសារហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បន្តហក់ឡើងមិនឈប់ឈានដល់កម្រិតកំណត់ត្រា។ ទោះជាយ៉ាងណា តម្លៃមាសបម្រុងរបស់ចិន បានកើនឡើងពីប្រមាណ១៨៣ពាន់លានដុល្លារអាម៉េរិក ឈានដល់ប្រមាណជាង១៩១ពាន់លានដុល្លារអាម៉េរិក គិតត្រឹមដំណាច់ខែសីហា។

តម្លៃមាសបានហក់ឡើងប្រមាណ២៨% នៅក្នុងឆ្នាំនេះ ដែលជាការហក់ឡើងថ្លៃច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល១៤ឆ្នាំមកនេះ ហើយកត្តាចម្បងៗដែលនាំឱ្យមាសហក់ឡើងថ្លៃខ្លាំងបែបនេះ រួមមានដូចជា ការបញ្ចុះអត្រាការប្រាក់ពីសំណាក់ធនាគារកណ្តាលអាម៉េរិក បញ្ហាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងតម្រូវការខ្ពស់ពីបណ្ដាធនាគារកណ្តាលនៅទូទាំងពិភពលោក។

យោងតាមស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក WGC បានឱ្យដឹងថា បណ្ដាធនាគារកណ្តាលទូទាំងពិភពលោកដែលបានសម្រុកទិញចូលមាសយ៉ាងសម្បើមក្នុងឆ្នាំ២០២២-២០២៣ នោះ បានកាត់បន្ថយទិញចូលមាសពីឆ្នាំ២០២៣ ឈានចូលដល់ឆ្នាំ២០២៤ នេះ ប៉ុន្តែតួលេខទិញចូលមាសនៅតែខ្ពស់ជាងកម្រិតក្នុងឆ្នាំ២០២២។

ការធ្លាក់ចុះការទិញមាសពីបណ្ដាធនាគារកណ្ដាលទូទាំងពិភពលោកនេះ មួយផ្នែកដោយសារធនាគារកណ្ដាលចិន បានផ្អាកទិញចូលមាស ក្រោយពីខ្លួនបានសម្រុកទិញចូលមាសអស់រយៈពេល១៨ខែជាប់​ៗគ្នា។ ទិន្នន័យផ្លូវការបង្ហាញថា ធនាគារកណ្តាលចិន គឺជាអ្នកទិញចូលមាសច្រើនជាងគេបំផុតក្នុងចំណោមធនាគារកណ្ដាលទូទាំងពិភពលោកក្នុងឆ្នាំ២០២៣ ហើយការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាកទិញចូលមាសនេះបានធ្វើឱ្យតម្រូវការមាសក្នុងចំណោមវិនិយោគិនចិន ធ្លាក់ចុះទៅតាមនោះដែរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

អ្នកជំនាញទីផ្សារមាសបានលើកឡើងថា ធនាគារកណ្ដាលចិន បានផ្អាកទិញចូលមាសបម្រុងដោយសារតែមាសបន្តហក់ឡើងថ្លៃឥតឈប់ឈរ។ ទោះជាយ៉ាងណា អ្នកជំនាញជឿជាក់ថា ធនាគារកណ្ដាលចិន អាចនឹងទិញចូលមាសបន្ថែមទៀត ដោយគ្រាន់តែរង់ចាំឱកាសល្អមកដល់ប៉ុណ្ណោះ៕