តម្លៃអង្ករ ស របស់ថៃ បានចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីប្រទេសឥណ្ឌា បានសម្រេចដកបម្រាមលើការនាំចេញអង្ករ ស ក្រៅពីអង្ករគ្រាប់វែងគុណភាពខ្ពស់បាស់ម៉ាទី (Basmati) របស់ខ្លួន ក្រោយការបង្កបង្កើនផលស្រូវទទួលបានទិន្នផលខ្ពស់នៅឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
លោក ឈូគាត អូផាវង្ស (Chookiat Ophaswongse) ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានឱ្យដឹងថា តម្លៃអង្ករ ស របស់ថៃ បានចាប់ផ្តើមធ្លាក់ចុះហើយ ក្រោយប្រទេសឥណ្ឌា បានដកបម្រាមលើការនាំចេញអង្ករ ស បន្ទាប់ពីដាក់បម្រាមអស់រយៈពេលជាង១ឆ្នាំកន្លងមក។ ទោះជាយ៉ាងណា លោក អះអាងថា ការដកបម្រាមនេះមិនទាន់បង្កផលប៉ះពាល់ដល់បរិមាណនាំចេញអង្កររបស់ថៃ នៅឆ្នាំនេះនៅឡើយទេ។
បើតាមការលើកឡើងរបស់លោក ឈូគាត អូផាវង្ស កត្តាដែលជំរុញឱ្យរដ្ឋាភិបាលឥណ្ឌា ដកបម្រាមលើការនាំចេញអង្ករសក្រៅពីអង្ករគ្រាប់វែងគុណភាពខ្ពស់ បាស់ម៉ាទី (Basmati) គឺដោយសារការបង្កបង្កើនផលស្រូវនៅឆ្នាំ២០២៤ នេះ ទទួលបានទិន្នផលខ្ពស់ ដែលបានជួយបង្កើនស្តុកអង្កររបស់រដ្ឋសម្រាប់បំពេញការផ្គត់ផ្គង់ក្នុងស្រុក។
ទន្ទឹមនេះ ប្រទេសឥណ្ឌា ក៏បានកាត់បន្ថយពន្ធនាំចេញអង្ករចំហុយ (Parboiled rice) ពី២០% មកនៅត្រឹម១០% ផងដែរ។
សូមបញ្ជាក់ថា នៅដើមសប្តាហ៍នេះ អង្ករ ស បាក់ ៥% របស់ឥណ្ឌា មានតម្លៃប្រមាណ៤៩០ដុល្លារអាម៉េរិកក្នុង១តោន ខណៈដែលអង្ករបាក់៥% របស់ថៃ បានធ្លាក់ថ្លៃពី៥៥០ដុល្លារអាម៉េរិក ក្នុង១តោនកាលពីសប្ដាហ៍មុនមកនៅត្រឹម៥២០ដុល្លារអាម៉េរិក។ ការដកបម្រាមលើការនាំចេញអង្កររបស់ឥណ្ឌានេះ បានជួយបង្កើនការផ្គត់ផ្គង់អង្ករ ស រហូតដល់៥ទៅ៦លានតោន នៅលើទីផ្សារពិភពលោក។
តាមការព្យាករ ប្រទេសថៃនឹងឈានដល់គោលដៅនាំចេញអង្កររបស់ខ្លួនក្នុងទំហំជាង៨,៥លានតោននៅឆ្នាំនេះ ប៉ុន្តែការនាំចេញអង្ករអាចនឹងធ្លាក់ចុះមកនៅត្រឹម៦,៥លានតោននៅឆ្នាំក្រោយ ខណៈដែលប្រទេសឥណ្ឌា ត្រូវបានព្យាករថា នឹងផលិតស្រូវបានរហូតដល់ទៅ១៣៨លានតោន។
ទិន្នន័យផ្លូវការបានបង្ហាញថា ការនាំចេញអង្កររបស់ថៃ ក្នុងរយៈពេល៨ខែឆ្នាំ២០២៤ នេះសម្រេចបានជាង៦,៥លានតោន ដោយកើនឡើងជាង១,២លានតោន ឬ២៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕