ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានព្យាករថា ប្រាក់ចំណូលបានពីឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះនឹងកើនឡើង១០,៩២% នៅឆ្នាំនេះ ឈានដល់ប្រមាណ៣០ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
ការស្ទង់មតិដោយគេហទំព័រ Vietnam Report ដែលធ្វើឡើងពីខែកក្កដា ដល់ខែសីហា ឆ្នាំនេះបង្ហាញថា ៦២,៥% នៃអាជីវកម្មដែលត្រូវបានស្ទង់មតិរំពឹងថា ឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈ (F&B) របស់វៀតណាម នឹងសម្រេចបានកំណើនចន្លោះពី៥% ទៅ១០% នៅឆ្នាំនេះ។ នេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំង នូវសុទិដ្ឋិនិយមរបស់អាជីវកម្មចំពោះទីផ្សារចំណីអាហារ និងភេសជ្ជៈ ដែលបានកើនឡើង៦១,៦% ឈានដល់៨៧,៦%។
ការកើនឡើងសុទិដ្ឋិនិយមនេះឆ្លុះបញ្ចាំងពីភាពប្រសើរឡើង នៃឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈ ព្រមទាំងស្ថានភាពហិរញ្ញវត្ថុល្អប្រសើររបស់អ្នកប្រើប្រាស់ផងដែរ។
លទ្ធផលស្ទង់មតិនេះបង្ហាញថា អតិថិជនជាអ្នកប្រើប្រាស់រហូតដល់ទៅ៥២,៧% ជឿថា ប្រាក់ចំណូលរបស់ពួកគេនឹងកើនឡើងតិចតួចនៅឆ្នាំនេះ ហើយនឹងកើនឡើងរហូតដល់២១,៨% នៅឆ្នាំក្រោយ។ ក្នុងនោះមានរហូតដល់៧២,២% នៃអាជីវកម្មចំណីអាហារ និងភេសជ្ជៈដែលត្រូវបានស្ទង់មតិនិយាយថា ការផ្លាស់ប្តូរឥរិយាបថរបស់អតិថិជនជាអ្នកប្រើប្រាស់ គឺជាការលំបាកដ៏ធំបំផុតមួយសម្រាប់ឆ្នាំនេះ។ តួលេនេះបានកើនឡើងយ៉ាងខ្លាំងពី៣៧,៥% ក្នុងឆ្នាំ២០២២ ឈានដល់៧៥% នៅឆ្នាំនេះ៕