ធនាគារពិភពលោកដែលជាគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ ដែលជួយដល់បណ្ដាប្រទេសមានប្រាក់ចំណូលទាប និងមធ្យមតាមរយៈការផ្ដល់ឥណទានអនុគ្រោះ និងជំនួយឥតសំណងបានជំរុញឱ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីរួមបញ្ចូលវិធានការនានា ដែលនឹងការពារការនាំចេញរបស់អាស៊ីពីការរឹតបន្តឹងលើប្រភពដើមផលិតផល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ អេស៊ា។
ធនាគារពិភពលោកបានណែនាំឱ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាទីផ្សារនាំចេញ ដើម្បីត្រៀមលក្ខណៈសម្រាប់ការរឹតបន្តឹងវិធានពាណិជ្ជកម្ម។ ធនាគារនេះបានកត់សម្គាល់ថា ប្រទេសនានា ដូចជាវៀតណាម និងថៃជាដើម អាចប្រឈមនឹងការធ្លាក់ចុះអត្ថប្រយោជន៍ពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់នាពេលអនាគត។
លោក អាឌីតយ៉ា ម៉ាត់ធូ (Aaditya Mattoo) ប្រធានសេដ្ឋវិទូនៃធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានគូសបញ្ជាក់តាមរយៈរបាយការណ៍បច្ចុប្បន្នភាព ស្ដីពីសេដ្ឋកិច្ចថ្នាក់តំបន់សម្រាប់ការអភិវឌ្ឍអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកថា គំរូអភិវឌ្ឍន៍របស់តំបន់អាស៊ីបូព៌ា ដែលពឹងផ្អែកលើទីផ្សារសេរីរបស់ពិភពលោក និងផលិតកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម កំពុងជួបបញ្ហាប្រឈមដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យាថ្មីៗ។
លោកបានផ្ដល់អនុសាសន៍ថា ការឆ្លើយតបដ៏ល្អបំផុតរបស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ គឺការពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបំពាក់ជំនាញដែលត្រូវការចាំបាច់ដល់ពលរដ្ឋរបស់ខ្លួន ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ។ ប្រទេសចិន ដែលធ្លាប់ដើរតួជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ី ត្រូវបានព្យាករថា នឹងធ្លាក់ចុះកំណើនសេដ្ឋកិច្ចពី៤,៨% ក្នុងឆ្នាំ២០២៤ មកនៅត្រឹម៤,៤%ក្នុងឆ្នាំ២០២៥។
ទោះបីជាប្រទេសចិន បានដាក់ចេញកម្មវិធីជំរុញសេដ្ឋកិច្ចកាលពីខែមុន ដែលរួមមានការបញ្ចុះអត្រាការប្រាក់ និងបង្កើនការវិនិយោគក្នុងវិស័យអចលនទ្រព្យ និងផ្សារហ៊ុនយ៉ាងណាក្ដី ក៏ឥទ្ធិពលនៃកម្មវិធីជំរុញសេដ្ឋកិច្ចនោះទៅលើការចំណាយរបស់អតិថិជនជាអ្នកប្រើប្រាស់នៅមានកម្រិតដោយសារតែតម្រូវការឥណទានធ្លាក់ចុះ។
លោក អាឌីតយ៉ា ម៉ាត់ធូ (Aaditya Mattoo) ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានកត់សម្គាល់ថា វិធានការផ្នែករូបិយវត្ថុនេះប្រហែលជាមិនជះឥទ្ធិពលខ្លាំងទៅលើសកម្មភាពសេដ្ឋកិច្ចនោះឡើយ។
យោងតាមរបាយការណ៍ខាងលើឱ្យដឹងថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសចិន នឹងសម្រេចបានកំណើនសេដ្ឋកិច្ច៤,៩% នៅឆ្នាំ២០២៥ ដោយកើនឡើងពី៤,៧% ក្នុងឆ្នាំ២០២៤ ហើយក្នុងនោះវៀតណាម នឹងសម្រេចបានកំណើន៦,៥% ចំណែកឯហ្វីលីពីន នឹងសម្រេចបានកំណើន៦,១%៕