ប្រទេសចិន និងសហភាពអឺរ៉ុប នឹងបន្តការពិភាក្សាគ្នាបន្ថែមទៀតទាក់ទងនឹងការស៊ើបអង្កេតប្រឆាំងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនីរបស់ចិន (EVs) បន្ទាប់ពីតំណាងរបស់ប្រទេសសមាជិកសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ចុងក្រោយលើករណីនេះ។
ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា ថ្មីៗនេះ ប្រទេសចិនមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ទាំងជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប លើបញ្ហាពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងរថយន្តអគ្គិសនី។
ភាគហ៊ុនរបស់ផលិតផលប្រណីតរបស់អឺរ៉ុបបានធ្លាក់ចុះដោយសារការព្រួយបារម្ភរបស់វិនិយោគិនដែលថាកាបូបយួរដៃស្ត្រី ម៉ាក ហើម៉េស (Hermes)និង ស្បែកជើងកែងនារី ម៉ាក ឌីអ (Dior) អាចជាគោលដៅបន្ទាប់របស់ទីក្រុងប៉េកាំងសម្រាប់ការសងសឹក បន្ទាប់ពីការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ប្រទេសចិន។
ចំណែកអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់លើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃឧស្សាហកម្ម និងសហគ្រាសរបស់ប្រទេសចិន ខណៈប្រទេសនេះបានចាប់ផ្តើមវិធានការវាយបកវិញ និងការស៊ើបអង្កេតលើផលិតផលនាំចូលពីសហភាពអឺរ៉ុប។
គួររម្លឹកថា កាលពីថ្ងៃទី៤ ខែតុលា សហភាពអឺរ៉ុប បានបោះឆ្នោតគាំទ្រការដំឡើងពន្ធលើរថយន្តអគ្គិសនីពីប្រទេសចិន ប៉ុន្តែទោះបីការបោះឆ្នោតត្រូវបានអនុម័តក៏ដោយ ក៏ចំនួននៃសំឡេងអនុបវាទខ្ពស់ ឆ្លុះបញ្ចាំងពីការខ្លាចរអែងដែលមានជាយូរមកហើយលើបញ្ហាថាតើអឺរ៉ុបគួរតែប្រឈមជាមួយប្រទេសចិនយ៉ាងដូចម្ដេច៕