កំណត់ហេតុកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃ បានបង្ហាញកាលពីថ្ងៃពុធ ថា មន្ត្រីធនាគារកណ្តាលអាម៉េរិកភាគច្រើនបានគាំទ្រការកាត់បន្ថយអត្រាការប្រាក់ ០,៥% ដើម្បីជំរុញគោលនយោបាយរូបិយវត្ថុឱ្យកាន់តែងាយស្រួល ប៉ុន្តែពួកគេហាក់នៅមិនទាន់ចុះសម្រុងគ្នាលើការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតក្នុងពេលវេលាជាក់លាក់ណាមួយនៅឡើយទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បើតាមកំណត់កិច្ចប្រជុំរបស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក ការកាត់បន្ថយអត្រាការប្រាក់ ០,៥%បន្ថែមមានការជំទាស់ពីមន្ត្រីតែម្នាក់គត់មកពីសមាជិកក្រុមប្រឹក្សាភិបាល គឺលោក ម៉ៃឃែល បូម៉េន (Michelle Bowman) ហើយអ្នកចូលរួមខ្លះទៀតបានគាំទ្រការកាត់បន្ថយតែ០,២៥% ប៉ុណ្ណោះ។
លោក Oliver Allen សេដ្ឋវិទូជាន់មួយរូបបានចាត់ទុកកំណត់ហេតុរបស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានបង្ហាញពីភាពប្រយ័ត្នប្រយែងពីវិធីសាស្រ្តរបស់ធនាគារនេះក្នុងការកាត់បន្ថយអត្រាការប្រាក់ និងបានចាត់ទុកការជំទាស់របស់លោក បូម៉េន ចំពោះការកាត់បន្ថយអត្រាការប្រាក់០,៥% ថា វាហាក់ដូចជាសមហេតុផលដែរ។
ទោះយ៉ាងណា កំណត់ហេតុនេះបានបង្ហាញថា អ្នកបង្កើតគោលនយោបាយមួយចំនួនដែលប្រហែលជាបានគាំទ្រការកាត់បន្ថយអត្រាការប្រាក់០,២៥% កាលពីត្រីមាសទីមួយឆ្នាំនេះ បានគាំទ្រការកាត់បន្ថយអត្រាការប្រាក់ច្រើនបន្ថែមទៀត ព្រោះវាជាវិធីមួយ ដើម្បីឱ្យស្របនឹងកម្រិតអតិផរណាដែលបានធ្លាក់ចុះលឿនដោយមិនចាំបាច់កាត់បន្ថយអត្រាការប្រាក់បន្តទៀតនៅពេលអនាគត។
ទោះជាយ៉ាងណា គឺមានតែលោក ជេរូម ផៅវែល ប្រធានធនាគារកណ្ដាលអាម៉េរិកប៉ុណ្ណោះដែលអាចសម្រេចអំពីការកាត់បន្ថយអត្រាការប្រាក់ថែមទៀតនាពេលអនាគត ព្រោះលោកអាចនឹងបញ្ចុះបញ្ចូលមន្ត្រីណាដែលមិនគាំទ្រគោលនយោបាយរូបិយវត្ថុរបស់ខ្លួន៕