Alynana Media Cambodia
Icon Collap
clinic narit

តើមានកត្តាអ្វីទាញទម្លាក់ឱ្យតម្លៃមាសធ្លាក់ចុះជាបន្តបន្ទាប់ជាប់ៗគ្នាកន្លងមកនេះ?

Media LNN | Oct 12, 2024
តើមានកត្តាអ្វីទាញទម្លាក់ឱ្យតម្លៃមាសធ្លាក់ចុះជាបន្តបន្ទាប់ជាប់ៗគ្នាកន្លងមកនេះ?
Clinic narith

តម្លៃមាសបានធ្លាក់៦ថ្ងៃជាប់ៗគ្នា បន្ទាប់ពីបានហក់ឡើងថ្លៃយ៉ាងគំហុកនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលក្រុមអ្នកជួញដូរមាសកំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិក ដែលជាកត្តាកំណត់សម្រាប់ការបន្ធូរបន្ថយអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាម៉េរិក (Fed) នៅប៉ុន្មានខែខាងមុខទៀតនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge។

ចាប់តាំងពីដើមសប្តាហ៍មកទល់ពេលនេះ មាសត្រូវបានជួញដូរក្នុងតម្លៃជិត២,៦០៨ដុល្លារក្នុង១អោន ពោលគឺធ្លាក់ចុះ១,៧% ដែលជាការធ្លាក់ចុះ៦ថ្ងៃជាប់ៗគ្នា បន្ទាប់ពីបានហក់ឡើងយ៉ាងគំហុកនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ការធ្លាក់ចុះនេះកើតឡើងក្រោយមានការធ្លាក់ចុះក្តីសង្ឃឹមលើការកាត់បន្ថយអត្រាការប្រាក់០,៥% បន្ថែមទៀតរបស់ធនាគារកណ្តាលអាម៉េរិក។ ជាទូទៅតម្លៃមាស និងតម្លៃលុយដុល្លារអាម៉េរិកតែងតែដើរផ្ទុយគ្នា ពោលគឺកាលណាលុយដុល្លារឡើងថ្លៃ នោះតម្លៃមាសនឹងធ្លាក់ចុះ។

កំណត់ហេតុចុងក្រោយបំផុតរបស់ធនាគារកណ្តាលអាម៉េរិក បានបង្ហាញថា លោក Jerome Powell ប្រធានធនាគារកណ្តាលអាម៉េរិក បានរងការរិះគន់ចំពោះការកាត់បន្ថយអត្រាការប្រាក់០,៥% កាលពីខែកញ្ញា កន្លងទៅ ដោយសារមានមន្ត្រីខ្លះគាំទ្រឱ្យកាត់បន្ថយបន្តិចម្ដងៗ។

ទិន្នន័យតម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាម៉េរិក ដែលនឹងចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះត្រូវបានគេរំពឹងថា វានឹងបង្ហាញសញ្ញាវិជ្ជមានក្នុងការជួយសម្រួលដល់ការបន្ធូរបន្ថយអត្រាការប្រាក់បន្ថែមទៀតតាមការរំពឹងទុករបស់ធនាគារកណ្តាលអាម៉េរិក នៅប៉ុន្មានខែខាងមុខនេះ។

ទោះបីជាតម្លៃមាសមានការធ្លាក់ចុះ៦ថ្ងៃជាប់ៗគ្នាក៏ដោយ តែតម្លៃមាសនៅតែកើនឡើងជាង ២៥% នៅឆ្នាំនេះបើធៀបនឹងឆ្នាំមុន ដោយសារក្ដីសង្ឃឹមអំពីការកាត់បន្ថយអត្រាការប្រាក់បានជំរុញឱ្យតម្លៃមាសកើនឡើងនាពេលថ្មីៗនេះ។ ការប្រមូលទិញចូលមាសរបស់បណ្តាធនាគារកណ្តាលនានា នៅលើពិភពលោកដ៏រឹងមាំ និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបានជំរុញឱ្យតម្លៃមាសហក់ឡើងខ្ពស់នៅឆ្នាំនេះ បើទោះបីជាមានការភ័យខ្លាចអំពីការរាលដាលនៃភ្លើងសង្គ្រាមនៅទូទាំងតំបន់មជ្ឈិមបូព៌ាដ៏ដោយ៕