ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី បានកំណត់គោលដៅដ៏មហិច្ឆតា ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានរហូតដល់ទៅ៤០លាននាក់ ក្នុងឆ្នាំ២០២៥ ដែលស្មើនឹងកម្រិតកំណត់ត្រាមុនពេលផ្ទុះវិបត្តិកូវីដ-១៩ និងបង្កើតចំណូលពីវីស័យទេសចរណ៍ដល់ជាង១០២ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) កាលពីដើមសប្តាហ៍មុន បានពិភាក្សាជាមួយបណ្ដានាយកប្រតិបត្តិកំពូលមកពីក្រុមហ៊ុនទេសចរណ៍ និងបដិសណ្ឋារកិច្ចឈានមុខគេដូចជា Trip.com, Expedia, Agoda, Grab Holdings, Marriott International និង InterContinental Hotels ជាដើម ដើម្បីបង្កើតយុទ្ធសាស្រ្តសម្រាប់ការជំរុញវិស័យទេសចរណ៍។
លោក ជីរ៉ាយូ ហុងស៊ុប (Jirayu Houngsub) ទីប្រឹក្សានាយករដ្ឋមន្រី្តថៃ ត្រូវបានកាសែត Bangkok Post ដកស្រង់សម្ដីថា រដ្ឋាភិបាលថៃ គ្រោងនឹងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយវប្បធម៌ថៃ គោលដៅទេសចរណ៍ដែលគេមិនសូវស្គាល់ និងសកម្មភាពទេសចរណ៍សំខាន់ៗផ្សេងទៀត។
សូមបញ្ជាក់ថា គិតពីដើមឆ្នាំ២០២៤ រហូតមកទល់ពេលនេះ ប្រទេសថៃ ទទួលបានភ្ញៀវទេសចរបរទេសជិត២៧លាននាក់ ហើយកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកគោលដៅទទួលបានភ្ញៀវទេសចរបរទេសឱ្យបានចំនួន៣៦លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ។ ប្រទេសចិន នៅតែជាប្រភពទេសចរដ៏ធំបំផុតរបស់ប្រទេសថៃ ទោះបីជាចំនួនភ្ញៀវទេសចរចិន មានត្រឹមប្រមាណ៦៥% នៃកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី។
គួររំឭកថា ក្នុងឆ្នាំ២០១៩ ប្រទេសថៃ ទទួលបានភ្ញៀវទេសចរបរទេសច្រើនបំផុតមិនធ្លាប់មានរហូតដល់ទៅ៤០លាននាក់ ដែលផ្ដល់ចំណូលពីវិស័យទេសចរណ៍បាន៥៧ពាន់លានដុល្លារអាម៉េរិក។
ដើម្បីសម្រេចបានលទ្ធផលស្រដៀងគ្នានេះ នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោកស្រី ថែថុងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) បានសង្កត់ធ្ងន់ថា ប្រទេសថៃ ចាំបាច់ត្រូវបង្កើនការតភ្ជាប់ជើងហោះហើរ និងសមត្ថភាពហោះហើរ ដែលធ្វើឱ្យភ្ញៀវទេសចរទូទាំងពិភពលោកចូលទៅកាន់ប្រទេសនេះកាន់តែងាយស្រួល៕