Alynana Media Cambodia
Icon Collap
clinic narit

តើការអនុវត្តឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិនកន្លងមកនេះធ្វើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មប្រែប្រួលយ៉ាងណាដែរ?

Media LNN | Oct 15, 2024
តើការអនុវត្តឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិនកន្លងមកនេះធ្វើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មប្រែប្រួលយ៉ាងណាដែរ?
Clinic narith

គិតមកទល់ពេលនេះមានរយៈពេលប្រមាណ១០ខែមកហើយ ដែលកម្ពុជា និងចិន បានអនុវត្តឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាវិស័យទេសចរណ៍។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកត់សម្គាល់ឃើញថា នៅក្នុងអំឡុងពេលនៃការអនុវត្តឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជនកន្លងមកនេះ ចរន្តភ្ញៀវទេសចរចិន ចូលមកកម្សាន្តនៅកម្ពុជា ពុំទាន់មានកំណើនគួរឱ្យកត់សម្គាល់នៅឡើយទេ តែការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរហាក់មានភាពល្អប្រសើរឡើងមួយកម្រិត។

លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា សង្កេតឃើញថា នៅក្នុងរយៈពេលប្រមាណ១០ខែ នៃការអនុវត្តឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងកម្ពុជា-ចិន កន្លងមកនេះ ចរន្តភ្ញៀវទេសចរចិន ចូលមកកម្សាន្តនៅកម្ពុជា ពុំទាន់មានកំណើនគួរឱ្យកត់សម្គាល់នៅឡើយទេ។ បើតាមការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ជនជាតិដែលចូលមកកម្ពុជាកន្លងមក ភាគច្រើនជាពាណិជ្ជករ និងមួយចំនួនទៀតជាកម្មករ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះរំពឹងជឿជាក់ថា វិស័យទេសចរណ៍កម្ពុជានឹងទទួលបានលទ្ធផលល្អប្រសើរពីការអនុវត្តឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននាពេលខាងមុខ ដ្បិតថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា តែងមានជំនួបជាមួយភាគីចិន និងមានព័ត៌មានវិជ្ជមានជាបន្តបន្ទាប់​។

​ជាមួយគ្នានេះអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា មកទល់ពេលនេះ ការវិនិយោគរវាងកម្ពុជាចិន មានភាពល្អប្រសើរឡើងមួយកម្រិត តែការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន នៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការផ្ដល់អាទិភាពដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការធ្វើដំណើរដោយងាយស្រួលតាមរយៈការបន្ធូរបន្ថយលើការរឹតបន្តឹងលើទិដ្ឋាការចេញចូល។

​សូមរំលឹកថា នៅក្នុងជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាជាមួយលោក ស៊ីជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសវេទិកាខ្សែក្រវាត់និងផ្លូវ នៅទីក្រុងប៉េកាំងកាលពីពេលកន្លងទៅ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានប្ដេជ្ញាយកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ។

នៅក្នុងរយៈពេល៩ខែកន្លងមកនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន បានឈានដល់ជាង១១ពាន់លានដុល្លារកើនឡើងជាង២២%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅទីផ្សារចិនសម្រេចបានជិត១ពាន់៣រយលានដុល្លារមានកំណើន២០% ខណៈចិននាំចូលមកកម្ពុជាវិញមានទំហំជិត១០ពាន់លានដុល្លារមានកំណើនជាង២២%។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕