វិស័យឧស្សាហកម្មយានយន្តរបស់ចិន ដែលកំពុងរងសម្ពាធពន្ធខ្លាំងពីបស្ចិមប្រទេស បានបង្ហាញពីនិន្នាការស្រុតចុះនៅក្នុងឆ្នាំ២០២៤ នេះ។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងរយៈពេល៩ខែកន្លងមកនេះ ចិនផលិតរថយន្តបានរហូតដល់ជាង២១លានគ្រឿង និងលក់ចេញបានជាង២១លានគ្រឿងដូចគ្នាដែរ។ តើឧស្សាហកម្មយានយន្តរបស់ចិន មានការប្រែប្រួលយ៉ាងណាក្រោយរងសម្ពាធពន្ធពីលោកខាងលិច?
ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន បានបង្ហាញថា ឧស្សាហកម្មរថយន្តរបស់ប្រទេសចិន បានបង្ហាញពីនិន្នាការរីកចម្រើន ដោយស្ថិតិនៃការផលិត និងការលក់រថយន្តបានកើនឡើងក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤ ប៉ុន្តែហាក់ស្រុតចុះបន្តិចនៅខែកញ្ញា ថ្មីៗនេះ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ ចាប់ពីខែមករា ដល់ខែកញ្ញា ចិនផលិតរថយន្តបានរហូតដល់ជាង២១លានគ្រឿង កើនឡើងប្រមាណ២% ហើយការលក់សម្រេចបានជាង២១លានគ្រឿង កើនឡើង២,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប៉ុន្តែនៅពេញមួយខែកញ្ញា ចិនផលិតរថយន្តបានជិត២,៨លានគ្រឿង ធ្លាក់ចុះជិត២% ខណៈការលក់ការសម្រេចបានប្រមាណ២,៨លានគ្រឿង ធ្លាក់ចុះ១,៧%។ ការថយថុះនេះ ត្រូវបានគេវាយតម្លៃថា អាចបណ្តាលមកពីការដាក់សម្ពាធពន្ធមកលើឧស្សាហកម្មរថយន្តចិន ពីបណ្តាប្រទេសនានា ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក និងកាណាដាជាដើម។
លោក ចេន ស៊ីហួរ (Chen Shihua )អគ្គលេខាធិការរងនៃសមាគមក្រុមហ៊ុនផលិតរថយន្តចិន បាននិយាយថា ក្រៅពីរថយន្តទេសចរណ៍ ទីផ្សារលក់រថយន្តដឹកអ្នកដំណើររបស់ចិន បានកើនឡើងជាបណ្តើរៗ ជាមួយនឹងការលក់រាយកើនឡើងខ្លាំងនៅក្នុងត្រីមាសទី៣នៃឆ្នាំនេះ ដោយសារគោលនយោបាយរបស់រដ្ឋាភិបាល ដែលជំរុញឱ្យប្រើប្រាស់យានយន្តថ្មី និងលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតរថយន្តបង្ហាញម៉ូដែលថ្មីក្នុងអំឡុងពេលព្រឹត្តិការណ៍មាស និងប្រាក់ប្រចាំខែកញ្ញា និងតុលា។
លោកបានបន្តថា កាលពីខែសីហា កន្លងទៅ អាជ្ញាធរចិន បានបង្កើនការជំរុញផ្នែកហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យបោះបង់រថយន្តចាស់ៗរបស់ពួកគេ។ ជាមួយគ្នានេះ ការឧបត្ថម្ភធនសម្រាប់ការធ្វើពាណិជ្ជកម្មលើរថយន្តដឹកអ្នកដំណើរដើរដោយថាមពលអគ្គិសនីបានកើនឡើងទ្វេដង ក្រោយមានការអនុគ្រោះក្នុង១គ្រឿងពី១ពាន់៤រយដុល្លារដល់២ពាន់៨រយដុល្លារ៕