ប្រព័ន្ធផ្សព្វផ្សាយ Business Insider បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត អាចបង្កព្យុះភ្លៀងដល់សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី បានតាមរយៈប្រេងឆៅ។ តើប្រទេសនៅតំបន់វាលខ្សាច់មួយនេះមានឥទ្ធិពល ឬអំណាចដូចម្ដេចទៅក្នុងការបង្កវិបត្តិសម្រាប់សេដ្ឋកិច្ចរបស់រុស្ស៊ី ខណៈដែលរុស្ស៊ី ក៏ជាអ្នកផលិតប្រេងឆៅដ៏ច្រើនបំផុតមួយដែរនោះ?
សេដ្ឋកិច្ចរុស្ស៊ី អាចប្រឈមមុខនឹងភាពតានតឹងក្នុងការធានាបានប្រាក់ចំណូលមកពីប្រេងតាមការចង់បានរបស់ខ្លួន ប្រសិនបើអារ៉ាប៊ីសាអូឌីត ក្រឡុកតម្លៃទីផ្សារប្រេងឆៅពិភពលោក។ តាមសេចក្តីរាយការណ៍មួយបង្ហាញថា ប្រេងឆៅអាចធ្លាក់ចុះដល់រហូតដល់៥០ដុល្លារក្នុងមួយធុងបារ៉ែល ប្រសិនបើអង្គការនៃប្រទេសនាំចេញប្រេងមិនព្រមប្ដេជ្ញាកាត់បន្ថយទិន្នផលប្រេងរបស់ពួកគេទេនោះ។
ជាមួយគ្នានេះ ទីក្រុងរីយ៉ាដរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហើបថា វាអាចនឹងមានការផ្គត់ផ្គង់ប្រេងលើសតម្រូវការទីផ្សារក្នុងពេលខាងមុខនេះ ដែលនឹងទាញទម្លាក់តម្លៃឱ្យធ្លាក់ចុះ និងដាក់សម្ពាធលើសមាជិកអង្គការ OPEC ដែលមិនសហការក្នុងការកាត់បន្ថយការផលិតប្រេង។
លោក លូក ខូភឺ (Luke Cooper) អ្នកស្រាវជ្រាវនៅសាលាសេដ្ឋកិច្ចក្នុងទីក្រុងឡុងដ៍ បានលើកឡើងថា ដោយហេតុតែរុស្ស៊ីលក់ប្រេងបញ្ចុះតម្លៃ ហើយថ្លៃដើមផលិតកើនឡើងខ្ពស់ នោះការធ្លាក់ចុះតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោក អាចនឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពក្នុងការផ្គត់ផ្គង់ហិរញ្ញវត្ថុដល់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាមេដឹកនាំបច្ចុប្បន្ននៃអង្គការ OPEC កំពុងព្យាយាមរក្សាតម្លៃប្រេងឱ្យលើសពី១០០ដុល្លារក្នុងមួយធុងបារ៉ែល ដោយជំរុញឱ្យប្រទេសជាសមាជិកកាត់បន្ថយទិន្នផលប្រេងរបស់ខ្លួន។ ប៉ុន្តែដោយសារតែតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ កំពុងស្ថិតនៅតម្លៃក្រោម៨០ដុល្លារក្នុងមួយបារ៉ែល ដូច្នេះការប៉ុនប៉ងដំឡើងឱ្យលើស១០០ដុល្លារនោះ គឺមិនអាចទៅរួចឡើយ។ ដើម្បីផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ ប្រភពខ្លះបានប្រាប់កាសែត Financial Times ថា ឥឡូវនេះទីក្រុងរីយ៉ាដគ្រោងនឹងបើកចំហការកំណត់តម្លៃរបស់ខ្លួននៅខែធ្នូ ចុងឆ្នាំនេះ៕