លោក ដូណាល់ ត្រាំ បានបង្កើនការគំរាមកំហែងក្នុងការដំឡើងពន្ធលើរថយន្តនាំចូលទាំងអស់រួមទាំងមកពីប្រទេសម៉ិកស៊ិក និងសហភាពអឺរ៉ុបផង ដោយបានលើកយកការគាំពារពាណិជ្ជកម្មនិយមរបស់អាម៉េរិកជាស្នូលនៃរបៀបវារៈរបស់លោក ប្រសិនបើលោកបានត្រឡប់ទៅគ្រប់គ្រងសេតវិមានជាថ្មីម្ដងទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ថ្លែងនៅឯក្លឹបសេដ្ឋកិច្ចនៅទីក្រុងជីកាហ្គោ សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៥ខែតុលា លោក ត្រាំ បានរិះគន់ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប រួមទាំងក្រុមហ៊ុន Mercedes-Benz ហើយបានប្តេជ្ញាថា នឹងយកពន្ធខ្ពស់លើរថយន្តនាំចូល ដោយលើកហេតុផលថា វាជាមធ្យោបាយតែមួយគត់ ដើម្បីបង្ខំឱ្យក្រុមហ៊ុនបើករោងចក្រផលិតយានយន្តនៅទឹកដីសហរដ្ឋអាម៉េរិក។
អតីតប្រធានាធិបតីរូបនេះ បាននិយាយថា ពួកគេអាចផលិតអ្វីៗទាំងអស់នៅប្រទេសអាឡឺម៉ង់ ប៉ុន្តែពួកគេត្រូវតែនាំយកវាទៅដំឡើងនៅអាម៉េរិក បើមិនដូច្នេះទេ ពួកគេនឹងមិនអាចរួចផុតពីទណ្ឌកម្មឡើយ។ ការធ្វើបែបនេះក៏អាចជួយបង្កើតការងារដល់ពលរដ្ឋអាម៉េរិក ផងដែរ។
បេក្ខជនប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋរូបនេះ ក៏មិនពេញចិត្តនឹងការនាំចូលរថយន្តមកពីប្រទេសម៉ិកស៊ិកក្បែរខាងអាម៉េរិក ដែរ ដោយលោកបាននិយាយថា ប្រសិនបើលោកបានធ្វើជាប្រធានាធិបតីអាម៉េរិកមែន លោកនឹងដាក់ពន្ធ១០០% ២០០% ឬ ២០០០% លើរថយន្តនាំចូលពីម៉ិកស៊ិកតែម្ដង ដើម្បីកុំឱ្យពួកគេអាចនាំរថយន្តមកលក់នៅអាម៉េរិកបានសូម្បីតែមួយគ្រឿង។
គេនៅចាំបានថា ក្នុងអំឡុងពេលគ្រប់គ្រងសេតវិមានរវាងឆ្នាំ២០១៧ និងឆ្នាំ២០២១ លោក ត្រាំ បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយនឹងប្រទេសចិន ក៏ដូចជាសម្ពន្ធមិត្តក្រុមជី៧ ផងដែរ និងបានចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសកាណាដា និងម៉ិកស៊ិក។
ប៉ុន្តែលោក ត្រាំ បានពង្រីកវិសាលភាពនេះ និងទំហំនៃការសន្យាពាណិជ្ជកម្មរបស់លោកក្នុងពេលធ្វើយុទ្ធនាការបោះឆ្នោតឆ្នាំនេះដោយសន្យាថា នឹងអនុវត្តពន្ធរហូតដល់ ២០% លើទំនិញនាំចូលទាំងអស់ និងយកពន្ធ ៦០% លើការនាំចូលទំនិញពីប្រទេសចិនទាំងអស់ ព្រមទាំងយកពន្ធផ្សេងទៀតលើបណ្ដាប្រទេសដែលលែងប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកផងដែរ៕