របាយការណ៍ចុងក្រោយរបស់ធនាគាររដ្ឋវៀតណាម បានបង្ហាញថា វិស័យអចលនទ្រព្យរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះ នៅតែងាយរងគ្រោះដោយសារការលាងលុយកខ្វក់ ដែលកំពុងមានការកើនឡើងក្នុងវិស័យនេះ។ ការបញ្ចេញរបាយការណ៍នេះ ចំពេលសេដ្ឋីនីអចលនទ្រព្យ ដែលកំពុងជាប់ក្តីក្តាំនៅតុលាការ ជុង មីឡាន (Truong My Lan) យល់ព្រមលក់ភាគហ៊ុន និងគម្រោងសំខាន់ៗមានតម្លៃខ្ទង់ពាន់លានដុល្លារនៅហូជីមិញសងអ្នកបណ្តាក់ទុនសរុបជិត៣ម៉ឺន៦ពាន់នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
ការលាងលុយកខ្វក់នៅតែជាបញ្ហាប្រឈមដ៏មានហានិភ័យខ្ពស់សម្រាប់វិស័យអចលនទ្រព្យរបស់វៀតណាម ដែលកំពុងដើរអូសជើង។ របាយការណ៍របស់ធនាគាររដ្ឋវៀតណាម ដែលចេញផ្សាយកាលពីពេលថ្មីៗបានបង្ហាញថា ប្រតិបត្តិការទិញលក់អចលនទ្រព្យដែលជាប្រភពស្រូបទាញទុនដ៏សំខាន់របស់វៀតណាមជារឿយៗធ្វើឡើងតាមរយៈការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារ តែការទូទាត់សាច់ប្រាក់ខ្លះធ្វើឡើងមិនឆ្លងកាត់ធនាគារនោះទេ ដែលបណ្តាលឱ្យមានការលំបាកក្នុងការផ្ទៀងផ្ទាត់ និងតាមដានប្រភពដើមនៃថវិកាទាំងនោះ។
យ៉ាងណាក៏ដោយរបាយការណ៍របស់ធនាគារេដ្ឋវៀតណាម មិនបានបង្ហាញលម្អិតពីការរកឃើញករណីលាងលុយកខ្វក់តាមរយៈគម្រោងអចលនទ្រព្យមានប៉ុន្មាននោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា វាច្រើនកើតមាននៅក្នុងចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដោយឧក្រិដ្ឋជនបានប្រើប្រាស់រូបភាពនៃការផ្ទេរកម្មសិទ្ធិទៅសមាជិកគ្រួសារ ឬបង់ប្រាក់សម្រាប់ការទិញរបស់ពួកគេតាមរយៈសាច់ប្រាក់មិនឆ្លងកាត់ធនាគារ ឬក្នុងករណីកម្រមួយចំនួនជាមាសក៏មាន។
ការបញ្ចេញរបាយការណ៍ពាក់ព័ន្ធករណីលាងលុយកខ្វក់ក្នុងវិស័យអចលនទ្រព្យរបស់ធនាគាររដ្ឋវៀតណាម ធ្វើឡើងចំពេលមហាសេដ្ឋីអចលនទ្រព្យ ជុង មីឡាន ដែលកំពុងតស៊ូក្តីនៅក្នុងបណ្តឹង ដែលមានទោសអស់ជីវិតពាក់ព័ន្ធនឹងករណីស្រដៀងនេះ បានយល់ព្រមលក់ភាគហ៊ុននៅក្នុងគម្រោងអចលនទ្រព្យសំខាន់ៗមួយចំនួននៅក្នុងទីតាំងសំខាន់ៗក្នុងទីក្រុងហូជីមិញ ដើម្បីផ្តល់សំណងដល់ជនរងគ្រោះពីការក្លែងបន្លំមូលបត្របំណុលដែលត្រូវបានចោទប្រកាន់។
តុលាការប្រជាជននៃទីក្រុងហូជីមិញបានបញ្ចប់ការសាកសួរជនជាប់ចោទ និងសាក្សីក្នុងសំណុំរឿងទាំងអស់ក្នុងរយៈពេល៣សប្តាហ៍ ហើយនឹងត្រូវកាត់ទោសនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។ លោកស្រី ឡាន ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat បានសារភាពនៅចំពោះបទចោទប្រកាន់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុនេះ ហើយបានទទួលខុសត្រូវចំពោះសំណងដល់អ្នកវិនិយោគជិត៣ម៉ឺន៦ពាន់នាក់ ដែលបានទិញមូលបត្របំណុល ដែលចេញដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដោយនិយាយថា លោកស្រីនឹងលក់អចលនទ្រព្យសំខាន់ៗដើម្បីយកទៅសងពួកគេ។
គម្រោងទាំងនេះ គឺរួមទាំងគម្រោងអភិវឌ្ឈន៍ដែលមានផ្ទៃក្រឡា១១ពាន់ម៉ែត្រការ៉េ, អគារជាកម្មសិទ្ធិនៃការ បណ្តាក់ទុនរវាងធនាគារ Vietcombank – Bonday – Ben Thanh ដែលជាអគារខ្ពស់មួយក្នុងទីក្រុងហូជីមិញ និងដីជាច្រើនកន្លែងទៀត ដែលមានតម្លៃសរុបខ្ទង់ពាន់លានដុល្លារ៕