ប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេបំផុតទួទាំងពិភពលោក និងដែលបានវ៉ាឈ្នះប្រទេសជប៉ុន ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោក គ្រោងជះលុយរហូតដល់ទៅជាង១០០ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់ទីក្រុងថ្មីចំនួន៨ពីចំណុចសូន្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស មានឈ្មោះថា Express។
ប្រទេសឥណ្ឌា គ្រោងបង្កើតច្រករបៀងឧស្សាហកម្មក្រុងដេលី និងក្រុងមុំបៃ ហៅកាត់ថា DMIC ហើយនៅក្នុងគម្រោងមហិមារបស់ពិភពលោកនេះនឹងសាងសង់ទីក្រុងថ្មីៗចំនួន៨ពីចំណុចសូន្យរវាងទីក្រុងដេលី និងទីក្រុងមុំបៃ។ គោលដៅសំខាន់នៃការបង្កើតច្រករបៀងឧស្សាហកម្មក្រុងដេលី និងក្រុងមុំបៃនេះ គឺដើម្បីបង្កើនសមត្ថភាពឧស្សាហកម្មរបស់ប្រទេសឥណ្ឌា ជំរុញពាណិជ្ជកម្ម និងបង្កើតការងាររាប់លានកន្លែងតាមរយៈការតភ្ជាប់មជ្ឈមណ្ឌលឧស្សាហកម្មនានា ដែលមានទីតាំងស្ថិតនៅតាមច្រករបៀង ដែលមានប្រវែងរហូតដល់ទៅ១.៥០០គីឡូម៉ែត្រនេះ។
គម្រោងច្រករបៀងឧស្សាហកម្មក្រុងដេលី និងក្រុងមុំបៃនេះ គឺជាការបណ្តាក់ទុនរួមគ្នារវាងប្រទេសឥណ្ឌា និងប្រទេសជប៉ុន ដែលត្រូវបានរចនាឡើង ដើម្បីកែលម្អវិស័យផលិតកម្ម និងការដឹកជញ្ជូនទំនិញរបស់ប្រទេសឥណ្ឌា។
ទោះបីជាគម្រោងច្រករបៀងឧស្សាហកម្មក្រុងដេលី និងក្រុងមុំបៃ ត្រូវបានប្រកាសជាលើកដំបូងតាំងពីឆ្នាំ២០០៧ យ៉ាងណាក្ដី ក៏គម្រោងនេះមានវឌ្ឍនភាពយឺតយ៉ាវណាស់ ដោយសារមានបញ្ហាប្រឈមធំៗមួយចំនួនរួមមានដូចជាការទិញដីធ្លី និងការពន្យារពេលក្នុងការទទួលបានហិរញ្ញប្បទានជាដើម។ តែទោះជាយ៉ាងនេះក្ដី ក៏គម្រោងមហិមាខាងលើនេះនៅតែជាអាទិភាពកំពូលមួយសម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសឥណ្ឌា។ សូមបញ្ជាក់ថា គម្រោងនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០៤០៕