ប្រទេសម៉ាឡេស៊ី និងប្រទេសជាសមាជិកអាស៊ានចំនួន៤ផ្សេងទៀត បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើគំនិតផ្ដួចផ្ដើមចែករំលែកទិន្នន័យ និងព័ត៌មានសុវត្ថិភាពអាកាសចរណ៍ ដើម្បីពង្រឹងសុវត្ថិភាពអាកាសចរណ៍នៅក្នុងតំបន់អាស៊ាន ដែលរួមបញ្ចូលគ្នាមានទំហំសេដ្ឋកិច្ចសរុបរហូតដល់ទៅប្រមាណ៣,៦៧ទ្រីលានដុល្លារអាម៉េរិក គិតត្រឹមឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Times។
ប្រទេសម៉ាឡេស៊ី និងប្រទេសចំនួនបួនផ្សេងទៀតក្នុងតំបន់អាស៊ានរួមមាន ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងហ្វីលីពីន បាននិយាយថា ទិន្នន័យ និងព័ត៌មានសុវត្ថិភាពអាកាសចរណ៍នឹងត្រូវបានប្រើដើម្បីកំណត់ហានិភ័យសុវត្ថិភាពអាកាសចរណ៍ ព្រមទាំងដើម្បីអភិវឌ្ឍន៍វិធានការគ្រប់គ្រងហានិភ័យសុវត្ថិភាពអាកាសចរណ៍ឱ្យបានកាន់តែល្អប្រសើរផងដែរ។
លោក ដាទុក ខេបថេន ណូរ៉ាស់ម៉ាន់ ម៉ាស់មុត (Datuk Captain Norazman Mahmud) ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ីបានលើកឡើងថា កិច្ចសហការរវាងនិយ័តករឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសទាំងនេះ នឹងជួយដោះស្រាយហានិភ័យសុវត្ថិភាពអាកាសចរណ៍យ៉ាងសកម្ម និងពង្រឹងការអនុវត្តគោលនយោបាយអាកាសចរណ៍ប្រកបដោយនិរន្តរភាព។
លោកបានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ថា ការចែករំលែកទិន្នន័យសុវត្ថិភាព និងទស្សនវិស័យអាកាសចរណ៍ ជួយឱ្យប្រទេសទាំងនេះទទួលបាននូវស្តង់ដាសុវត្ថិភាពខ្ពស់បំផុត និងជួយគាំទ្រដល់អនាគតបៃតងសម្រាប់អាកាសចរណ៍ ហើយក៏ដើម្បីសាងវិស័យអាកាសចរណ៍ដ៏រឹងមាំ មានសុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ផងដែរ ។
អនុស្សរណៈនៃការយោគយល់ (MoU) សម្រាប់គំនិតផ្តួចផ្តើមនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃពុធ ទី១៦ ខែតុលា ដោយប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី ប្រធានអាជ្ញាធរអាកាសចរណ៍ឥណ្ឌូនេស៊ី និងប្រធានអាជ្ញាធរអាកាសចរណ៍សិង្ហបុរី ប្រធានអាជ្ញាធរអាកាសចរណ៍ថៃ និងប្រធានអាជ្ញាធរអាកាសចរណ៍ហ្វីលីពីន។
សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់ (MoU) នេះត្រូវបានចុះហត្ថលេខានៅក្រៅសន្និសីទអគ្គនាយកអាកាសចរណ៍ស៊ីវិលអាស៊ី-ប៉ាស៊ីហ្វិក លើកទី៥៩ នៅទីក្រុងសេប៊ូ (Cebu) ប្រទេសហ្វីលីពីន៕