តម្លៃប្រាក់បានកើនឡើងជាង៦% កាលពីចុងសប្តាហ៍កន្លងទៅបានធ្វើឱ្យរង្គោះរង្គើនៅទូទាំងទីផ្សារពិភពលោក និងធ្វើឱ្យធនាគារធំៗមួយចំនួនរបស់សហអាម៉េរិក ប្រឈមនឹងហានិភ័យ នៃការខាតបង់ដ៏ច្រើនរហូតដល់រាប់ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន the Jerusalem Post។
យោងតាមទិន្នន័យពីគណៈកម្មការពាណិជ្ជកម្មទំនិញប្រើប្រាស់នាពេលអនាគត (CFTC) កិច្ចសន្យានៃការលក់ប្រាក់នាពេលអនាគតបានឡើងដល់ជាង១៤ម៉ឺនច្បាប់ដ៏គួរឱ្យភ្ញាក់ផ្អើលដោយកិច្ចសន្យានីមួយៗតំណាងឱ្យការលក់ប្រាក់រហូតដល់៥ពាន់អោន ហើយបើបូកសរុបគ្នាមានរហូតដល់ទៅជាង៧០៨អោន គឺជិតស្មើនឹងតម្លៃផលិតកម្មប្រាក់ពិភពលោកក្នុងមួយឆ្នាំ។ តម្លៃប្រាក់កើនឡើងជិត២ដុល្លារក្នុង១អោន ដូច្នេះការសម្រុកលក់ចេញប្រាក់ត្រូវបានគេវាយតម្លៃថា មានតម្លៃសរុបប្រមាណ១,៣ពាន់លានដុល្លារ។
ក្រុមអ្នកវិភាគនិយាយថា ទំហំនៃការសម្រុកលក់ចេញប្រាក់នេះ គឺជារឿងគួរឱ្យព្រួយបារម្ភខ្លាំងណាស់ដោយសារតែគេបានរាយការណ៍ថា វាបានប្រមូលផ្តុំក្នុងចំណោមធនាគារចំនួនប្រាំនៅសហរដ្ឋអាម៉េរិក ដូច្នេះហើយពួកគេបារម្ភថា សកម្មភាពរបស់ធនាគារទាំងនេះអាចជំរុញឱ្យតម្លៃប្រាក់ធ្លាក់ចុះ បើទោះបីជាមានតម្រូវការខ្ពស់ពីឧស្សាហកម្មមួយចំនួនដូចជាយានយន្តអគ្គិសនី បន្ទះសូឡា បរិក្ខារយោធាផ្នែកអវកាស និងគ្រឿងអេឡិចត្រូនិកក៏ដោយ។
ស្ថានភាពនេះបានបង្កើនការព្រួយបារម្ភអំពីសុច្ចរិតភាពទីផ្សារ និងសក្តានុភាពសម្រាប់វិបត្តិការផ្គត់ផ្គង់ដែលអាចបង្កគ្រោះថ្នាក់ដល់ឧស្សាហកម្មដែលពឹងផ្អែកលើប្រាក់។ អ្នកឃ្លាំមើលទីផ្សារមួយចំនួនកំពុងព្រួយបារម្ភថា ការកើនឡើងខ្លាំងនៃតម្លៃប្រាក់នេះអាចបង្ខំឱ្យធនាគារទាំងនេះទិញប្រាក់ក្នុងបរិមាណដ៏ច្រើន ដើម្បីបិទបាំងការសម្រុកលក់ចេញរបស់ពួកគេដែលអាចធ្វើឱ្យមានការខាតបង់រាប់ពាន់លានដុល្លារ។
ដូច្នេះហើយពេលនេះ ពួកគេបានអំពាវនាវកាន់តែខ្លាំងឡើងសុំឱ្យបង្កើនការត្រួតពិនិត្យមើលបទប្បញ្ញត្តិនៃការជួញដូរប្រាក់ ដើម្បីធានាបាននូវភាពយុត្តិធម៌របស់តម្លៃប្រាក់ និងស្ថិរភាពទីផ្សារនៅក្នុងវិស័យលោហៈដ៏មានតម្លៃមួយនេះ៕