ក្រសួងរតនាគារអាម៉េរិក បានប្រកាសកាលពីថ្ងៃសុក្រ ទី១៨ ខែតុលា ថា ឱនភាពថវិការបស់សហរដ្ឋអាម៉េរិក បានកើនឡើងដល់ជាង១,៨៣ទ្រីលានដុល្លារ សម្រាប់សារពើពន្ធ២០២៤ ដែលជាឱនភាពថវិកាធំបំផុតទី៣ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ឱនភាពថវិការបស់សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតរបស់ពិភពលោកបានកើនឡើងដល់ជាង១,៨៣ទ្រីលានដុល្លារ សម្រាប់សារពើពន្ធ២០២៤ នៅពេលដែលការប្រាក់លើបំណុលរបស់រដ្ឋាភិបាលសហព័ន្ធបានកើនឡើងលើសពី១ទ្រីលានដុល្លារ ជាលើកដំបូង ហើយការចំណាយលើកម្មវិធីសោធននិវត្តន៍នៃរបបសន្តិសុខសង្គម ការថែទាំសុខភាព និងយោធាបានកើនឡើង។
ឱនភាពសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា បានកើនឡើង៨% ឬ ១៣៨ពាន់លានដុល្លារ ឈានដល់ជាង១,៨៣ទ្រីលានដុល្លារ បើធៀបនឹងជាង១,៦៩ទ្រីលានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធ២០២៣។
គួរបញ្ជាក់ថា នេះគឺជាឱនភាពថវិកាសហព័ន្ធដ៏ធំបំផុតទី៣ នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីឱនភាពថវិកាសម័យកូវីដ-១៩ ដែលមានដល់ទៅជាង៣,១២ទ្រីលានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២០ និងឱនភាពថវិកាជាង២,៧៧ទ្រីលានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២១។
ឱនភាពថវិកាក្នុងឆ្នាំសារពើពន្ធ២០២៣ បានថយចុះចំនួន៣៣០ពាន់លានដុល្លារ បន្ទាប់ពីការចំណាយទាក់ទិននឹងកម្មវិធីឥណទាននិស្សិតរបស់ប្រធានាធិបតី ចូ បៃឌិន ត្រូវបានលុបចោល។ ហើយប្រសិនបើគ្មានការកែប្រែនេះទេ ម៉្លេះឱនភាពថវិកាមុខជាកើនឡើងលើស២ទ្រីលានដុល្លារ បាត់ទៅហើយ។
សូមបញ្ជាក់ថា ឱនភាពថវិកាសម្រាប់ឆ្នាំសារពើពន្ធ២០២៤ នេះគឺមានទំហំស្មើនឹង៦,៤%នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយកើនឡើងពី៦,២% កាលពីឆ្នាំ២០២៣។ ឱនភាពថវិកាដ៏ធំនេះអាចបង្កការលំបាកសម្រាប់អនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ក្នុងការអះអាងថា លោកស្រីនឹងមានសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុបានល្អជាងគូប្រជែងរបស់លោកស្រីដែលមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៥ ខែវិច្ឆិកា។
គណៈកម្មាធិការទទួលបន្ទុកថវិកាសហព័ន្ធបានប៉ាន់ប្រមាណថា លោក ដូណាល់ ត្រាំ មានផែនការបន្ថែមបំណុលថ្មីចំនួន៧,៥ទ្រីលានដុល្លារ បើធៀបនឹង៣,៥ទ្រីលានដុល្លារ ដែលជាសំណើរបស់លោកស្រីកាម៉ាឡា ហារីស៕