ទិន្នន័យរបស់ក្រសួងកសិកម្មបង់ក្លាដែស បានបង្ហាញថា ទឹកជំនន់ធំៗចំនួនពីរលើកនៅប្រទេសបង់ក្លាដែស បានបំផ្លាញដំណាំស្រូវប្រមាណ១,១លានតោន គិតជាប្រាក់មានចំនួនជិត៤០០លានដុល្លារ ខណៈដែលរដ្ឋាភិបាលបណ្ដោះអាសន្នរបស់ប្រទេសនេះបានបង្កើនការនាំចូលអង្ករ ដើម្បីបំពេញតម្រូវការក្នុងស្រុក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។
ទឹកជំនន់បណ្ដាលមកពីការធ្លាក់ភ្លៀងនៅក្នុងរដូវវស្សាបានវាយប្រហារបង់ក្លាដែស ចំនួន២ លើកគឺនៅក្នុងខែសីហា និងខែតុលា ដោយបានឆក់យកជីវិតមនុស្សយ៉ាងតិច៧៥នាក់ និងប៉ះពាល់ដល់មនុស្សរាប់លាននាក់ ជាពិសេសនៅតំបន់ភាគខាងកើត និងភាគខាងជើងព្រមទាំងបង្កការខូចខាតដំណាំកសិកម្មក្នុងកម្រិតធ្ងន់ធ្ងរបំផុតផងដែរ។
ក្រសួងកសិកម្មបង់ក្លាដែស បានឱ្យដឹងថា ទឹកជំនន់នៅឆ្នាំនេះបំផ្លាញដំណាំស្រូវរហូតដល់ទៅជាង១លានតោនដោយគិតជាទឹកប្រាក់ប្រមាណ៣៨០លានដុល្លារអាម៉េរិក ហើយជាការឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលបណ្ដោះអាសន្នបង់ក្លាដែស កំពុងចាត់វិធានការយ៉ាងឆាប់រហ័សក្នុងការនាំចូលអង្ករចំនួន៥០ម៉ឺនតោន ហើយគេរំពឹងថា នឹងអនុញ្ញាតឱ្យមានការនាំចូលពីវិស័យឯកជនក្នុងពេលឆាប់ៗនេះ។
រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស កំពុងខំប្រឹងរក្សាស្ថិរភាពតម្លៃម្ហូបអាហារដែលបានកើនឡើងជិត២០% នៅប៉ុន្មានខែថ្មីៗនេះ។ ដោយសម្លឹងឃើញឱកាសបែបនេះប្រទេសឥណ្ឌា ដែលជាអ្នកជិតខាងនឹងបង់ក្លាដែស និងជាអ្នកនាំចេញអង្ករដ៏ធំមួយនៅលើពិភពលោកអាចនឹងដកបម្រាមលើការនាំចេញអង្ករ និងបន្ថយពន្ធលើការនាំចេញអង្ករជាដើម ដើម្បីជំរុញការនាំចេញអង្កររបស់ខ្លួន។
បង់ក្លាដែសដែលជាប្រទេសផលិតអង្ករធំជាងគេទីបីរបស់ពិភពលោក ជាធម្មតាបានផលិតអង្ករជិត៤០លានតោនក្នុង១ឆ្នាំ ដើម្បីចិញ្ចឹមប្រជាជនរបស់ខ្លួនចំនួន១៧០លាននាក់។ ទោះជាយ៉ាងណា គ្រោះមហន្តរាយធម្មជាតិ តែងតែរំខានដល់ផលិតកម្មស្រូវ ជាហេតុធ្វើឱ្យប្រទេសនេះពឹងផ្អែកលើការនាំចូលថែមទៀត។
លោក ខាន់ដាកា ម៉ូហាម៉ាត់ អ៊ីហ្វតេខារូដូឡា (Khandakar Mohammad Iftekharuddaula) ប្រធានផ្នែកវិទ្យាសាស្ត្រនៅវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករបង់ក្លាដែស បាននិយាយថា ដើម្បីធានាបាននូវសន្តិសុខស្បៀងនៅចំពោះមុខបញ្ហាប្រឈមអាកាសធាតុ បង់ក្លាដែសចាំបាច់ត្រូវតែអភិវឌ្ឍន៍ពូជដំណាំធន់នឹងទឹកជំនន់ និងគ្រោះរាំងស្ងួតថែមទៀត និងត្រូវការពូជដំណាំឆាប់បានផលផងដែរ៕