រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់រដ្ឋបាលពិសេសហុងកុង លោក ផូល ចាន់ (Paul Chan) បានសរសេរបង្ហោះក្នុងប្លក់របស់លោកថា ក្រុងហុងកុងគ្រោងដាក់ចេញវិធានការមួយចំនួន ក្នុងគោលបំណងប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ សម្រាប់ការជួញដូរមាស និងទំនិញផ្សេងៗទៀត ស្របពេលដែលហាងឆេងមាសនៅលើទីផ្សារពិភពលោកបន្តហក់ឡើងដល់ជាង២,៧២៣ដុល្លារអាម៉េរិក ក្នុង១អោន ឬ៣,៣២០ដុល្លារអាម៉េរិកក្នុង១តម្លឹង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់រដ្ឋបាលពិសេសហុងកុង លោក ផូល ចាន់ បានទម្លាយឱ្យដឹងថា ក្រុមមន្ត្រីបង្កើតគោលនយោបាយគ្រោងនឹងបង្កើនចំនួនឃ្លាំងស្តុកមាស និងពន្លឿនការអភិវឌ្ឍអាជីវកម្មពាក់ព័ន្ធនានាដូចជាការជួញដូរ ការធានារ៉ាប់រង និងភ័ស្តុភារកម្មជាដើម។ ទន្ទឹមនេះ រដ្ឋបាលក្រុងហុងកុង ក៏នឹងពង្រីកការជួញដូរកិច្ចសន្យាហិរញ្ញវត្ថុ ដែលផ្អែកលើហាងឆេងមាសផងដែរ ដើម្បីបំពេញតម្រូវការកម្ចីទិញផ្ទះ និងតម្រូវការការពារហានិភ័យខាតបង់ជាដើម។
នៅក្នុងអំឡុងពេលថ្លែងការណ៍អំពីគោលនយោបាយឆ្នាំ២០២៤ របស់ខ្លួនកាលកាលពីថ្ងៃពុធ សប្ដាហ៍មុន មេដឹកនាំតំបន់រដ្ឋបាលពិសេសហុងកុងលោក ចន លី (John Lee) បានប្រកាសថា រដ្ឋបាលក្រុងហុងកុង នឹងបង្កើតក្រុមការងារពិសេសមួយ ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មមាសពិភពលោក និងពង្រឹងឋានៈរបស់ហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ឱ្យកាន់តែរឹងមាំថែមទៀត។ បន្ថែមពីលើការជួញដូរមាស ក្រុងហុងកុងនឹងពន្លឿនការអភិវឌ្ឍការជួញដូរទំនិញផ្សេងៗក្រៅពីទំនិញលោហៈ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់រដ្ឋបាលពិសេសហុងកុង លោក ផូល ចាន់ (Paul Chan) បានធ្វើការកត់សម្គាល់ថា ក្រុងហុងកុងកំពុងស្វះស្វែងបង្កើតគោលនយោបាយថ្មីៗរួមទាំងការលើកទឹកចិត្តផ្នែកពន្ធផងដែរ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតទំនិញធំៗឱ្យមកបង្កើតការិយាល័យនៅទីនោះ។
សូមបញ្ជាក់ថា ហាងឆេងមាសបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានឈានដល់ជាង២,៧២៣ដុល្លារអាម៉េរិក ក្នុង១អោន ឬ៣,៣២០ដុល្លារអាម៉េរិក ក្នុងមួយតម្លឹង នៅថ្ងៃចន្ទ ទី២១ ខែតុលា នេះ។ ការហក់ឡើងថ្លៃនេះ ត្រូវបានជំរុញដោយសារបណ្ដាវិនិយោគិនសម្រុកទិញចូលមាសទុក ខណៈដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា កំពុងឡើងកម្ដៅ ហើយការប្រកួតប្រជែង ក៏កាន់តែស្វិតស្វាញនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាម៉េរិក ដែលនឹងមកដល់នៅដើមខែវិច្ឆិកា ដ៏ខ្លីខាងមុខនេះ៕