ហាងឆេងមាសបានបន្តហក់ឡើងដល់២៧៥០ដុល្លារក្នុង១អោន ឬស្មើនឹង៣,៣១៣ដុល្លារក្នុង១តម្លឹងគិតត្រឹមព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹមនឹងការហក់ឡើងនេះ ធនាគារ Citi Bank របស់អាម៉េរិក បានព្យាករថា តម្លៃមាសនឹងបន្តកើនឡើងបន្ថែមទៀតនៅចន្លោះពី៦ខែទៅ១២ខែខាងមុខនេះ ដោយសារវិនិយោគិនសម្រុកទិញចូលមាស។ តើអ្នកវិនិយោគកម្ពុជាគួរទុកមាសបន្តទៀត ឬត្រូវលក់ចេញក្នុងអំឡុងពេលមាសកំពុងហក់ឡើងដូចបច្ចុប្បន្ន?
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភីលីង ស៊ីឃ្យួរីធី បានគូសបញ្ជាក់ប្រាប់ថា តម្លៃមាសពេលបច្ចុប្បន្នបានបន្តហក់ឡើងជាប្រវត្តិសាស្រ្ត ហើយវានឹងបន្តឡើងថ្លៃបន្ថែមទៀត បើផ្អែកតាមស្ថានភាពបច្ចុប្បន្ន។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះ អ្នកវិនិយោគកម្ពុជា ដែលមានលទ្ធភាពគួរទិញមាសទុកបន្ថែមទៀត ដើម្បីទុកលក់យកចំណេញនៅពេលក្រោយ ដ្បិតហាងឆេងមាសអាចបន្តកើនឡើងបន្ថែមទៀត។
យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ ក្រើនរំលឹកឱ្យពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគបង្កើនការប្រុងប្រយ័ត្ន និងតាមដានការវិវត្តស្ថានការណ៍ពិភពលោកឱ្យបានដិតដល់ ដើម្បីបង្ការហានិភ័យ ដែលអាចកើតមានឡើងជាយថាហេតុក្នុងការវិនិយោគមាស។ តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះអះអាងថា ក្នុងស្ថានភាពបច្ចុប្បន្នអ្នកវិនិយោគនៅតែអាចទិញទុក។
បើតាមអ្នកជំនាញរូបនេះ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ហាងឆេងមាសបានឡើងដល់២,៧៥០ដុល្លារក្នុង១អោន ឬស្មើនឹង៣,៣១៣ដុល្លារក្នុង១តម្លឹង។ ជាមួយគ្នានេះ ធនាគារ Citi Bank របស់អាម៉េរិក កាលពីពេលថ្មីៗបានព្យាករដ៏គួរឱ្យភ្ញាក់ផ្អើលថា ហាងឆេងមាសអាចនឹងបន្តហក់ឡើងដល់៣,៦៦០ដុល្លារក្នុង១តម្លឹង ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕