ប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្ដើមសាងសង់អគារខ្ពស់កប់ពពក មូកាប (Mukaab) ហើយវានឹងក្លាយជាអគារធំជាងគេនៅលើពិភពលោកនៅពេលវាសាងសង់វារួចរាល់។ អគារដែលមានកម្ពស់រហូតដល់៤០០ម៉ែត្រស្ថិតនៅទីក្រុងរីយ៉ាដនេះ គ្រោងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០៣០ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Dezeen។
ក្រុមហ៊ុន New Murabba Development ដែលទទួលបានសិទ្ធិសាងសង់បានអះអាងថា អគារ មូកាប (Mukaab) បានចាប់ផ្ដើមសាងសង់ហើយនៅចំកណ្តាលគម្រោងអភិវឌ្ឍន៍ថ្មី New Murabba ដែលមានទំហំរហូតដល់១៩គីឡូម៉ែត្រការ៉េ នៅភាគពាយព្យនៃរដ្ឋធានីរីយ៉ាដ។ វានឹងក្លាយជាអគារដែលធំជាងគេបំផុតនៅលើពិភពលោកនៅពេលគេសាងសង់រួចនៅឆ្នាំ២០៣០។
គម្រោងអគារខ្ពស់កប់ពពកនេះបានទទួលមូលនិធិសាងសង់ពីគម្រោងវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត ខណៈមកទល់ពេលនេះការសាងសង់គ្រឹះខាងក្រោមសម្រេចបាន៨៦% ហើយ។ តែយ៉ាងណាអ្នកអភិវឌ្ឍន៍ មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលគ្រោងចំណាយលើការសាងសង់អគារនេះនោះទេ។
ក្រុមហ៊ុនអភិវឌ្ឍន៍អគារនេះ បានអះអាងថា គម្រោងនេះនឹងមានផ្ទះជាង១០ម៉ឺនកន្លែង ហាងទំហំ៩៨ម៉ឺនម៉ែត្រ និងការិយាល័យមានទំហំ១,៤លានម៉ែត្រការ៉េ រួមជាមួយសណ្ឋាគារ កន្លែងវប្បធម៌ សាកលវិទ្យាល័យ រោងមហោស្រព និងសារមន្ទីរជាដើម៕