Alynana Media Cambodia
Icon Collap
clinic narit

ទេសចរកាន់តែច្រើនទៅទស្សនាផ្សោត នៅសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត

Media LNN | Oct 25, 2024
ទេសចរកាន់តែច្រើនទៅទស្សនាផ្សោត នៅសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត
Clinic narith

«ផ្សោតពណ៌ផ្កាឈូក» កំពុងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យលេងសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត។ នេះបើតាមការឱ្យដឹងពី លោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍ ដោយបានបញ្ជាក់ថា កំណើនទេសចរប្រហែលពីរខែមកនេះ​ គឺជារួមចំណែករបស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា (Influencers) និងភ្ញៀវទេសចរ ដែលជួយផ្សព្វផ្សាយបន្ថែម។

លោក អ៊ុក សុវណ្ណារិទ្ធ បានប្រាប់នៅថ្ងៃទី២៤ ខែតុលានេះថា បច្ចុប្បន្ន សហគមន៍នេសាទព្រែកត្នោត មានទេសចរទៅកម្សាន្តច្រើន ហើយគោលដៅតែមួយគត់របស់ពួកគេគឺជិះទូកមើល ផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ផ្កាថ្ម និងជ្រូកទឹក។ ទន្ទឹមនោះ លោកក៏កត់សម្គាល់ឃើញថា​ វត្តមានសត្វផ្សោតក្នុងសហគមន៍កើនឡើង​ និងបង្ហាញខ្លួនស្ទើរតែគ្រប់ពេលដែលភ្ញៀវទេសចរទៅដល់។ 

កន្លងទៅ សហគមន៍នេសាទព្រែកត្នោត មិនសូវមានភ្ញៀវទេសចរមកកម្សាន្តនោះទ។ ប៉ុន្តែ ក្រោយពេល មានការផ្សព្វផ្សាយពីសំណាក់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងការនិយាយពីមាត់មួយទៅមាត់មួយ បានជួយសហគមន៍មួយនេះឱ្យមានប្រិយភាព និងភ្ញៀវមកកម្សាន្តច្រើន។   

លោក អ៊ុក សុវណ្ណារិទ្ធ ប្រាប់ដូច្នេះថា៖ «សព្វថ្ងៃ ពួកយើងឃើញថា ផ្សោតទាំងពីរប្រភេទកើនឡើង។ ទន្ទឹមនឹង នៅក្នុងសហគមន៍ ក៏មានការកើនឡើងភ្ញៀវទេសចរផងដែរ ដែលភាគច្រើនពួកគេចង់ជិះទូកមើលផ្សោត។ ពីមុនអត់សូវមានភ្ញៀវមកលេងទេ ព្រោះអត់មានការផ្សព្វផ្សាយ តែបន្ទាប់ពីអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាបានចុះទៅដល់ និងផ្សព្វផ្សាយនៅលើបណ្ដាញសង្គមទើបមានអ្នកមកលេងច្រើន»។ 

សហគមន៍នេសាទព្រែកត្នោត មានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ សហគមន៍កំពុងប្រឹងប្រែង​ក្នុងកិច្ចការពារធនធានធម្មជាតិដូចជាផ្កាថ្ម ស្មៅសមុទ្រ ពិ​សេស​ប្រភេទសត្វសមុទ្រកម្រៗ ដូចជាផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក ត្រីសេះ ​អណ្តើកសមុទ្រជាដើម ដែល​មានវត្តមាននៅដែនគ្របដណ្តប់របស់សហគមន៍​។ ក្រៅពីនេះ សហគមន៍ ក៏សម្បួរធនធាន​សមុទ្រ​ដូចជា ក្តាម ត្រី បង្កង បង្គារផងដែរ។ 

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្សោតពណ៌ផ្កាឈូក នៅសហគមន៍នេសាទព្រែកត្នោត បានកើនឡើងដល់៧០ក្បាល ជ្រូកទឹកចំនួន១ក្បាល និងផ្សោតក្បាលត្រឡោកជាច្រើនក្បាលទៀត៕