Alynana Media Cambodia
Icon Collap
clinic narit

អាម៉េរិក បង្ហាញពីផែនការបង្កើតទីផ្សាររ៉ែដ៏សំខាន់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

Media LNN | Oct 26, 2024
អាម៉េរិក បង្ហាញពីផែនការបង្កើតទីផ្សាររ៉ែដ៏សំខាន់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន
Clinic narith

ថ្លែងនៅវិទ្យាស្ថានអ្នកវិភាគ Brookings លោក ជេក ស៊ូលីវ៉ាន ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានលើកឡើងពីហានិភ័យនៃការប្រមូលផ្តុំសារធាតុរ៉ែសំខាន់ៗនៅក្នុងប្រទេសចិន គួបផ្សំនឹងវិធីសាស្ត្ររបស់ទីក្រុងប៉េកាំង ក្នុងការលក់បញ្ចុះតម្លៃដ៏សម្បើម ដើម្បីធ្វើឱ្យដៃគូប្រកួតប្រជែងរបស់ខ្លួនដើរចេញពីទីផ្សារនេះ។

លោកបានបន្ថែមថា ប្រសិនបើអាម៉េរិក និងដៃគូរបស់ខ្លួនបរាជ័យក្នុងការវិនិយោគ នោះការត្រួតត្រារបស់ចិន ទៅលើខ្សែច្រវាក់ផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗ និងខ្សែច្រវាក់ផ្គត់ផ្គង់ផ្សេងទៀតនឹងកើនឡើងជាក់ជាមិនខាន ហើយទីបំផុតវានឹងធ្វើឱ្យអាម៉េរិក និងដៃគូពឹងផ្អែកកាន់តែខ្លាំងឡើងលើប្រទេសចិន។

លោក ស៊ូលីវ៉ាន បាននិយាយថា ទាំងអាម៉េរិក និងដៃគូគឺមិនអាចទទួលយកបានឡើយនូវសកម្មភាពបែបនេះ។ ដូច្នេះហើយ ក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួនទាំងអស់កំពុងធ្វើការដើម្បីបង្កើតទីផ្សាររ៉ែដ៏សំខាន់មានស្តង់ដារខ្ពស់ ដែលជាកន្លែងធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ បង្កើតឱកាសស្មើគ្នា និងលើកកម្ពស់សិទ្ធិកម្មករ និងការការពារបរិស្ថានផងដែរ។ ប៉ុន្តែលោក ស៊ូលីវ៉ាន មិនបានបញ្ជាក់លម្អិតពីប្រភេទជាក់លាក់នៃទីផ្សាររ៉ែនេះទេ។

សូមបញ្ជាក់ថា សារធាតុរ៉ែសំខាន់ៗដូចជាលីចូម នីកែល និងរ៉ែកម្រត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងការផលិតឧបករណ៍ទំនើបៗ និងមានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរថាមពលនៅក្នុងបច្ចេកវិទ្យាដូចជារថយន្តអគ្គិសនី និងទួរប៊ីនខ្យល់ ឬការបង្កើតថាមពលខ្យល់ផងដែរ៕