Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាបាននាំចេញអង្ករ​ជាង ៥០​ម៉ឺនតោន ​ទទួលបានទឹកប្រាក់ជាង ៣៧៦​លានដុល្លារ ក្នុងរយៈពេល ១០ខែឆ្នាំនេះ

Media LNN | Nov 07, 2024
កម្ពុជាបាននាំចេញអង្ករ​ជាង ៥០​ម៉ឺនតោន ​ទទួលបានទឹកប្រាក់ជាង ៣៧៦​លានដុល្លារ ក្នុងរយៈពេល ១០ខែឆ្នាំនេះ
Clinic narith

 

​(ភ្នំពេញ)៖ ក្នុងរយៈពេល ១០ខែ ​ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករ​​ប្រមាណ ៥០៧ ០២៩តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ប្រមាណ៣៧៦.៦៣លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

បរិមាណអង្ករដែលបាននាំចេញនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន​៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន ២៥៤ ៩៤៥ តោន គិតជាទឹកប្រាក់ចំនួន ១៩៦.៩៣ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៩៣ ១៩៧ តោន គិតជាទឹកប្រាក់ចំនួន ៦១.៤៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន៧ប្រទេសបានបរិមាណ ចំនួន១០០ ៩៩៦ តោន គិតជាទឹកប្រាក់ចំនួន ៦៦.៦១ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់ គោលដៅ៣០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៥៧ ៨៩១តោន គិតជាទឹកប្រាក់ចំនួន ៥១.៦១ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៣.២១% ប្រភេទអង្ករស ធម្មតា ២១.៧១% អង្ករចំហ៊ុយ ៣.០៤% អង្ករសរីរាង្គចំនួន ១.៧៤% និងអង្ករផ្សេងៗចំនួន ០.៣០% ។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ០៣៦ ៣៣៦ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ១៨៤.១៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៦% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕