តើហាងឆេងមាសអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតឬទេនៅចុងឆ្នាំ២០២៤ នេះ? ហាងឆេងតម្លៃមាសនៅលើទីផ្សារអន្តរជាតិ ក៏ដូចជានៅកម្ពុជាមានការធ្លាក់ចុះគួរកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ពោលគឺបន្ទាប់ពីបានធ្លាក់ចុះ១០០ដុល្លារក្នុង១តម្លឹងនៅមួយថ្ងៃក្រោយការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក បានបន្តធ្លាក់ចុះ៦០ដុល្លារក្នុង១តម្លឹងបន្ថែមទៀតនៅរសៀលកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការបន្តដាំក្បាលចុះតម្លៃមាសជាបន្តបន្ទាប់នេះ ត្រូវបានអ្នកជំនាញអះអាងថា ដោយសារតែគោលនយោបាយសេដ្ឋកិច្ច និងការស្វែងរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ។ តើហាងឆេងមាសអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតដែរឬទេនៅចុងឆ្នាំ២០២៤ នេះ?
គិតត្រឹមរសៀលថ្ងៃទី១២ ខែវិច្ឆិកា តម្លៃហាងឆេងមាសនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម៣,១៤០ដុល្លារក្នុង១តម្លឹងមានការធ្លាក់ចុះ៦០ដុល្លារក្នុង១តម្លឹងបន្ថែមទៀត បើធៀបនឹងតម្លៃដែលលក់ចេញកាលពីមួយសប្តាហ៍មុន ដែលមានតម្លៃ៣,២០០ដុល្លារក្នុង១តម្លឹង។ ហើយបើធៀបនឹងតម្លៃមាសដែលបានហក់ឡើងខ្ពស់បំផុតរហូតដល់៣,៣៦០ដុល្លារកាលថ្ងៃទី៣១ ខែតុលា រហូតមកទល់នឹងថ្ងៃទី១២ វិច្ឆិកា តម្លៃបានធ្លាក់ចុះរហូតដល់២២០ដុល្លារក្នុង១តម្លឹង។
ពាក់ព័ន្ធតម្លៃមាសនេះដែរ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភីលីង ស៊ីឃ្យួរីធី យល់ឃើញថា នៅក្នុងអំឡុងខែវិច្ឆិកា នេះ តម្លៃមាសអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត។ ការធ្លាក់ចុះតម្លៃមាសយ៉ាងគំហុកនៅមួយរយៈចុងក្រោយនេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក និងគោលនយោបាយសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ និងការស្វែងរកដំណោះស្រាយលើបញ្ហាសង្រ្គាម ដែលកើតមានរវាងរុស្ស៊ី អ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ាជាដើម ខណៈគោលនយោបាយនេះបានរុញច្រានឱ្យហាងឆេងមាសធ្លាក់ចុះ ខណៈតម្លៃលុយដុល្លារអាម៉េរិកមានការកើនឡើង។ តែយ៉ាងណា លោកជឿជាក់ថា តម្លៃមាសអាចនឹងងើបឡើងបន្តិចវិញនៅចុងខែធ្នូ ឆ្នាំ២០២៤ ឬនៅដើមឆ្នាំ២០២៥។
ជាមួយគ្នានេះ ម្ចាស់ហាងមាសពេជ្រ ទី មង្គល កត់សម្គាល់ឃើញថា ក្រោយតម្លៃមានការធ្លាក់ចុះនៅមួយសប្តាហ៍ចុងក្រោយនេះ សកម្មភាពទិញលក់មាសហាក់មានភាពមមាញឹកច្រើនជាងមុន តែភាគច្រើនជាអ្នកទិញ ដោយក្នុងនោះមានទាំងអ្នកទិញមាសដើម្បីសន្សំ និងអ្នកទិញមាសសម្រាប់ពាក់លម្អ។
បើតាមប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភីលីង ស៊ីឃ្យួរីធី ខាងលើ គិតត្រឹមរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ការជួញដូរមាសនៅលើទីផ្សារអន្តរជាតិមានតម្លៃ២,៦០៦ដុល្លារក្នុង១អោន ឬ៣,១៣៩ដុល្លារក្នុង១តម្លឹង ដែលជាតម្លៃមួយដែលអ្នកវិនិយោគគួរពិចារណា៕