Alynana Media Cambodia
Icon Collap
clinic narit

កត្តាទាក់ទាញ ៦ចំណុច ដែលកម្ពុជា ផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស

Admin Alynana | Nov 13, 2024
កត្តាទាក់ទាញ ៦ចំណុច ដែលកម្ពុជា ផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស
Clinic narith

(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាល និង ពិសាភោជនាហារសាមគ្គី ជាមួយសហ​គ្រិន​ត្រកូលលីនពិភពលោក មកពីបណ្តាប្រទេសទាំង ១៥ និង ៣៨ តំបន់ ដែលបាន​ធ្វើដំណើរមកកម្ពុជា ចូលរួមមហាសន្និបាតសភាពាណិជ្ជកម្មត្រកូលលីន​ពិភពលោក នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទ្បើងពីកត្តា​ទាក់ទាញ ៦ចំណុច ដែលកម្ពុជា ផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស ។

កត្តាទាក់ទាញ ដែលសម្តេចបវរធិបតី បានលើកទ្បើង មានជាអាទិ៍៖

ទី១. ប្រទេសកម្ពុជា បានផ្តល់នូវបរិយាកាសសន្តិភាព និងស្ថិរភាព ជាកត្តាមូល​ដ្ឋាន ដែលអនុញ្ញាតឱ្យអ្នកវិនិយោគ ធ្វើការសម្រេចចិត្តអំពីទីតាំង​ដែលត្រូវ​វិនិយោគ។

ទី២. កម្ពុជា ផ្តល់ជូននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយជាប់ចំណាត់ថ្នាក់​ជាទីផ្សារ​ដែលកំពុងរីកចម្រើនបំផុត សម្រាប់ការវិនិយោគបរទេសនៅឆ្នាំ ២០២៤ ដែល​នេះ​បានផ្តល់កំណើន GDP យ៉ាងរឹងមាំ អតិផរណាទាបជាង៣% និងការ​ពង្រីក​ផ្នែក FDI។

ទី៣. កម្ពុជា មានបរិយាកាសធុរកិច្ចប្រកបដោយភាពស្និទ្ធស្នាល និងឆ្លើយតប​ទៅនឹងវិនិយោគ។ ច្បាប់ វិនិយោគរបស់កម្ពុជាមានលក្ខណៈសេរីជាមួយ​នឹង​ការ​លើកទឹកចិត្តចម្រុះ មានភាពបត់បែន និងមានភាពការលើកទឹកចិត្តដល់​អ្នក​វិនិយោគ។

ទី៤. កម្ពុជាជាទីតាំងយុទ្ធសាស្ត្រ និងទទួលបានឱកាសអំពីកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនានា។ ការវិនិយោគនៅកម្ពុជា គឺមិនត្រឹមតែវិនិយោគសម្រាប់ទីផ្សារប្រជាជន ១៧លាននាក់ នោះទេ ប៉ុន្តែជាការបើកឱកាស ទៅកាន់តំបន់ផ្សេងទៀតលើ​ពិភព​លោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ច ព្រមព្រៀង​ពា​ណិ​ជ្ជ​​កម្មសេរីជាមួយអាស៊ាន, កម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋ​កិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ក៏ដូចជាការផ្តល់ជូនជាច្រើនទៀត និងការកាត់បន្ថយ សម្ពាធលើទីផ្សារ នៅអឺរ៉ុប និងប្រទេសដទៃទៀត ដូច្នេះការវិនិ​យោគនៅកម្ពុជា គឺជាការវិនិយោគទៅកាន់តំបន់ផ្សេងទៀតលើនៃពិភពលោក។

ទី៥.កម្ពុជាមានយុវជនថាមវន្ត និងប្រជាជននិយាយភាសាអង់គ្លេស។ ៦០% នៃចំនួនប្រជាជនរបស់ខ្លួនមាន អាយុក្រោម៣៥ឆ្នាំ។ ប្រទេសកម្ពុជា បានអនុវត្ត​កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈទូលំទូលាយ សម្រាប់មនុស្សវ័យក្មេង ១,៥លាននាក់ នេះធានាថាកម្ពុជាមានសមត្ថភាពក្នុងការផ្តល់ជូនអាជីវកម្ម នូវកម្លាំងពលកម្មដែលត្រៀមរួចជាស្រេច ដើម្បីបំពេញតម្រូវការ ។

ទី៦. កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយកម្ពុជាបាន និងកំពុងពង្រីក​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្ម និងតភ្ជាប់បណ្តាញ​ដឹកជញ្ជូនរបស់កម្ពុជា ទៅនិងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ ក៏ដូចជាការភ្ជាប់​ទំនាក់​ទំនងជាមួយប្រទេសជិតខាង និងមជ្ឈមណ្ឌលនាំចេញសំខាន់ៗ​នៅក្នុង​តំបន់។ ចំណែកឯសេដ្ឋកិច្ចបៃតង និងឌីជីថល ជាតំបន់ថ្មី និងជាអាទិភាពថ្មីរបស់​រដ្ឋាភិបាល ដោយរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តចំពោះថាមពលប្រកបដោយ​និរន្តរភាព ជាមួយនឹងសក្តានុពលថាមពលពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថា តាម​រយៈ​​ព្រឹតិ្តការណ៍នេះ នឹងមានការប្រាស្រ័យទាក់ទងគ្នា ដែលបង្កើតបាននូវការរួម​បញ្ចូលគ្នា និងការតភ្ជាប់គ្នារវាងធុរកិច្ច និងធុរកិច្ច ព្រមនិងបានស្វាគមន៍ចំពោះ​ការវិលត្រលប់មកកម្ពុជា ជាថ្មីទៀត នាពេលខាងមុខ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ