ការវិលត្រឡប់មកកាន់សេតវិមានជាថ្មីរបស់លោក ដូណាល់ ត្រាំ ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី៥ វិច្ឆិកា កំពុងធ្វើឱ្យទីផ្សារសំខាន់ៗទូទាំងពិភពលោករងការរង្គោះរង្គើយ៉ាងខ្លាំង ក្នុងនោះរួមមានទាំងទីផ្សារមាស ទីផ្សារភាគហ៊ុន និងទីផ្សាររូបិយប័ណ្ណផងដែរ។
តួយ៉ាង យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg នៅថ្ងៃទី១៤ ខែវិច្ឆិកា នេះបានឱ្យដឹងថា លុយបាតរបស់ថៃ អាចជារូបិយប័ណ្ណដែលងាយរងគ្រោះបំផុតនៅអាស៊ី ក្រោយប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ វិលត្រលប់ទៅកាន់សេតវិមានជាថ្មី ដោយសារតែប្រទេសថៃ ពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម។
លុយបាតរបស់ថៃ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងលុយយន់របស់ចិន ដោយសារតែប្រទេសទាំងពីរនេះមានទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីយ៉ាងរឹងមាំ ហើយវាស្ថិតក្នុងចំណោមរូបិយប័ណ្ណដែលហក់ឡើងថ្លៃខ្លាំងបំផុតនៅអាស៊ី។
ផ្ទុយទៅវិញ លុយប៉េសូ របស់ហ្វីលីពីន និងលុយរូពីរបស់ឥណ្ឌា ហាក់មានភាពធន់នឹងគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ច្រើនជាងរូបិយប័ណ្ណអាស៊ីផ្សេងៗទៀត ដោយសារតែរូបិយប័ណ្ណទាំងនេះរក្សាបានស្ថិរភាពអំឡុងពេលទីផ្សារប្រែប្រួលទាក់ទងនឹងការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកកន្លងមកនេះ។
សូមបញ្ជាក់ថា គោលនយោបាយរបស់លោក ដូណាល់ ត្រាំ រួមមានការដំឡើងពន្ធគយខ្ពស់លើទំនិញនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងការបញ្ចុះពន្ធលើបុគ្គល និងអាជីវកម្មក្នុងស្រុក។
ប្រសិនបើគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ធ្វើឱ្យប្រាក់ដុល្លារអាម៉េរិក ហក់ឡើងថ្លៃ នោះរូបិយប័ណ្ណអាស៊ី នានាជាពិសេសរូបិយប័ណ្ណនៅក្នុងបណ្ដាប្រទេសដែលពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម អាចនឹងប្រឈមការលំបាកកាន់តែខ្លាំង៕