Alynana Media Cambodia
Icon Collap
clinic narit

ការប្រែប្រួលខ្លាំងនៃអត្រាប្ដូរប្រាក់ធ្វើឱ្យធនាគារជាច្រើននៅប្រទេសវៀតណាមចំណេញកប់ក្ដោង

Media LNN | Nov 20, 2024
ការប្រែប្រួលខ្លាំងនៃអត្រាប្ដូរប្រាក់ធ្វើឱ្យធនាគារជាច្រើននៅប្រទេសវៀតណាមចំណេញកប់ក្ដោង
Clinic narith

ការប្រែប្រួលខ្លាំងនៃអត្រាប្ដូរប្រាក់ដុល្លារអាម៉េរិកធៀបនឹងលុយដុងរបស់វៀតណាម នៅក្នុងឆ្នាំ២០២៤ នេះបានធ្វើឱ្យធនាគារជាច្រើននៅប្រទេសក្បែងខាងកម្ពុជាមួយនេះចំណេញកប់ក្ដោង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។

ធនាគារជាច្រើននៅក្នុងប្រទេសវៀតណាមទទួលបានប្រាក់ចំណេញសុទ្ធខ្ពស់ពីការជួញដូររូបិយប័ណ្ណបរទេស ដោយសារការប្រែប្រួលខ្លាំងនៃអត្រាប្តូរប្រាក់ដុល្លារអាម៉េរិក ធៀបនឹងលុយដុងវៀតណាម។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុបង្ហាញថា ធនាគារចំនួន២៩នៅក្នុងប្រទេសវៀតណាមទទួលបានប្រាក់ចំណេញសុទ្ធសរុបជិត៨០០លានដុល្លារអាម៉េរិកពីការជួញដូរអត្រាប្ដូរប្រាក់ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ កើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) ដែលគ្រប់គ្រងដោយរដ្ឋ ទទួលបានប្រាក់ចំណេញសុទ្ធច្រើនជាងគេរហូតដល់១៥៤លានដុល្លារអាម៉េរិក ដោយកើនឡើង២៥%។ ចំណែកឯធនាគារ MB ទទួលបានប្រាក់ចំណេញសុទ្ធច្រើនជាងគេក្នុងចំណោមធនាគារឯកជន ដោយទទួលបានប្រាក់ចំណេញសុទ្ធ៦០លានដុល្លារអាម៉េរិក ពោលគឺកើនឡើងរហូតដល់ទៅ៦៥%។

ធនាគារផ្សេងៗទៀតដែលទទួលបានប្រាក់ចំណេញសុទ្ធខ្ពស់រួមមានទាំងធនាគារ Techcombank ធនាគារ VPBank ធនាគារ MSB ធនាគារ Sacombank ធនាគារ ACB និងធនាគារ HDBank ជាដើម។

កាលពីអំឡុងខែតុលា ឆ្នាំ២០២៤ អត្រាប្តូរប្រាក់ដុល្លារអាម៉េរិក ធៀបនឹងលុយដុងរបស់វៀតណាមបានហក់ឡើងខ្ពស់ ដោយលុយដុងបានធ្លាក់ថ្លៃ៤,២% ចាប់តាំងពីដើមឆ្នាំ២០២៤ នេះ រួមទាំងការធ្លាក់ថ្លៃដល់ទៅ១,២%គ្រាន់តែអំឡុងខែតុលា ផងដែរ។ ស្ថានភាពនេះគឺបណ្ដាលមកពីការហក់ឡើងថ្លៃ នៃប្រាក់ដុល្លារអាម៉េរិក ដែលជំរុញដោយទិន្នន័យសេដ្ឋកិច្ចអាម៉េរិកល្អប្រសើរជាងការរំពឹងទុក។

សម្ពាធនៃអត្រាប្តូរប្រាក់នេះបានជះផលប៉ះពាល់ដល់លុយដុង និងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម យ៉ាងខ្លាំង ដោយទុនបម្រុងអន្តរជាតិរបស់ប្រទេសនេះបានធ្លាក់ចុះ បន្ទាប់ពីធនាគារកណ្ដាលវៀតណាមបានបង្ខំចិត្តលក់ចេញប្រាក់ដុល្លារអាម៉េរិកក្នុងចំនួនយ៉ាងច្រើនដើម្បីរក្សាស្ថិរភាពទីផ្សារប្ដូរប្រាក់។

ទុនបម្រុងអន្តរជាតិរបស់វៀតណាម នាពេលបច្ចុប្បន្ន គឺគ្រប់គ្រាន់សម្រាប់ទូទាត់ថ្លៃទំនិញនាំចូលបានត្រឹមតែជាង២ខែប៉ុណ្ណោះ ពោលគឺទាបជាងកម្រិត៣ខែដែលបានណែនាំដោយស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF៕