Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក​បណ្ឌិត តាន់ មុន្នី​វណ្ណ៖ 3ចំណុច ធ្វើឱ្យការចាប់ផ្តើម​អាជីវកម្ម​ទទួលបាន​ជោគជ័យ

Admin Alynana | Dec 03, 2022
លោក​បណ្ឌិត តាន់ មុន្នី​វណ្ណ៖ 3ចំណុច ធ្វើឱ្យការចាប់ផ្តើម​អាជីវកម្ម​ទទួលបាន​ជោគជ័យ
Clinic narith

ការចាប់ផ្តើម​អាជីវកម្ម​ថ្មី​មួយ​មិនមែនជា​រឿង​ងាយ​នោះទេ ពេលខ្លះ​វាទ​ទួលបាន​ជោគជ័យ​នៅលើ​ទីផ្សារ តែ​ពេលខ្លះទៀត​ក៏ត្រូវ​ដួលរលំ​ទៅវិញ​ដែរដែល​ធ្វើឱ្យ​ត្រូវ​ខាត​អស់​បង់ប្រាក់​ជាច្រើន ដូច្នេះដើម្បីឱ្យ​អាជីវកម្ម​របស់លោក​អ្នក​ដើរ​ឆ្ពោះទៅ​មុខជាលំដាប់​នោះ គ្រាន់តែ​អនុវត្តតាម​ចំណុចងាយៗចំនួន3 ខាងក្រោម​ប៉ុណ្ណោះ អាជីវកម្ម​របស់លោក​អ្នក​ប្រាកដជា​មិន​បរាជ័យ​នោះឡើយ។

លោក​បណ្ឌិត តាន់ មុន្នី​វណ្ណ អគ្គនាយករង​ក្រុមហ៊ុន​ម៉ុង​ឬ​ទ្្ធីគ្រុប មានប្រសាសន៍ថា ដើម្បី​ធានា​ឱ្យ​ការចាប់ផ្តើម​អាជីវកម្ម​ថ្មី​មួយ​មិន​បរាជ័យ​នោះសហគ្រិន​ត្រូវអនុវត្ត​ចំណុចសំខាន់ៗចំនួន3មានដូចជា 1.ត្រូវមាន​សមត្ថភាព​គ្រប់គ្រាន់ 2.ត្រូវ​ចេះមើល​ឱកាស និង​ឆក់យក​ឱកាស និង3.គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​អាយុ​របស់ខ្លួន​ផងដែរ។

លោក​ពន្យល់​អំពី​ចំណុច​ទី1​ថាការចាប់ផ្តើម​រប​ររ​ក​ទទួលទាន មិនមាន​មុខរបរ​ណា​សំខាន់​ជាង​មុខរបរ​ណា​ទេ សំខាន់​ឱ្យតែ​ខ្លួន​យើង​ស្រឡាញ់​ចេញពី​ចិត្ត​ពិតប្រាកដ មានចំណេះដឹង មាន​សមត្ថភាព និង​មាន​ដើមទុន​គ្រប់គ្រាន់ គឺអាច​ចាប់ផ្តើម​សាង​អាជីវកម្ម​មួយ​ឱ្យ​ដំណើរការ​ទៅមុខ​បាន​ហើយ។ តែ​សម្រាប់​យុវជន​ដែល​ទើប​រៀន​ចប់​ពីសា​លា ហើយចង់​ក្លាយជា​សហគ្រិន​ជោគជ័យ​នោះមិនគួរ​ចាប់​ផ្តើមធ្វើ​អាជីវកម្មភ្លាមៗនោះទេ ត្រូវ​ស្វែងរក​ការងារ​ធ្វើ​ជាមុនសិន ជាពិសេសការងារ​ណា​ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ដែល​ខ្លួន​មានបំណង​ចង់​បង្កើត​ថ្មី​ផ្ទាល់ខ្លួន​នោះ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​កាន់តែខ្លាំង ហើយ​ពេលធ្វើការ​ឱ្យគេ គឺ​មិនមែន​ធ្វើ​ដើម្បី​តែ​ប្រាក់ខែ​នោះទេ តែ​ត្រូវ​ចេះ​សង្កេតមើល​ពី​ចង្វាក់​ផលិតកម្ម ការដឹកនាំ​ក្រុមហ៊ុន​របស់គេ​ថា តើ​គេ​មាន​ចំណុច​សំខាន់​អ្វីខ្លះ បានជា​ក្រុមហ៊ុន​របស់គេ​ទទួលបាន​ជោគជ័យ? ហើយ​ត្រូវខិតខំ​រៀនសូត្រ​បន្ថែម​ពី​គេ​ឱ្យបាន​ច្រើន រហូតដល់​គិតថា ខ្លួន​យើង​មាន​សមត្ភាព​គ្រប់គ្រាន់​ហើយ ពេលនោះ​សឹម​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន ទើប​វា​មិន​បរាជ័យ​ទៅវិញ។

ឧទាហរណ៍​ថា បើ​យើង​ចង់​បើក​អាជីវកម្ម​លក់​កាហ្វេ ដូច្នេះ​ត្រូវ​រក​ការងារ​ផ្នែក​កាហ្វេ​នេះ ​ធ្វើ​ហើយ​ខំប្រឹង​រៀនសូត្រ​ពី​គេ សួរ​គេ​ឱ្យបាន​ច្រើន និង​ត្រូវ​ចេះ​សង្កេតមើល​គេ​ថា តើ​មាន​កត្តា​អ្វីខ្លះ​ទើប​ការ​ឆុង​កាហ្វេ​របស់គេ​មាន​រសជាតិ​ឆ្ងាញ់ មាន​អតិថិជន​ច្រើន​សឹង​រក​កន្លែង​ចត​ឡាន​ម៉ូតូ រក​កន្លែង​អង្គុយ​មិន​ចង់បាន​ផង កុំឱ្យ​ដូច​អ្នកលក់​កាហ្វេ​ខ្លះ​ទីតាំងនៅ​ជិត​គេ​សោះ តែ​បែរជា​ហាង​ខ្លួនឯង​ស្ងាត់ឈឹង ចំណែក​ហាង​របស់គេ​មាន​មនុស្ស​តម្រង់​ជួរ​ចូល​ទិញ​គ្រប់ពេល​ឥត​ដាច់​រកតែ​ដៃ​ឆុង​ឱ្យគេ​មិនទាន់។

ចំណែក​ចំណុច​ទី2 លោក​ពន្យល់ថា ការចាប់ផ្តើម​អាជីវកម្ម​មិនមែន​ចេះតែធ្វើ​ទៅតាម​ការនឹកឃើញ​ពេលណា​ក៏​ធ្វើបាន​នោះទេ ពោលគឺ​ត្រូវ​ចេះ​មើល​ឱកាស​ហុច​ឱ្យ រួច​ចាប់យក​ឱកាស​នោះ​ឱ្យ​ជាប់​ដើម្បី​រៀបចំខ្លួន​ធ្វើ រួចហើយ​ចាប់​យកមក​បើក​ជា​អាជីវកម្ម​តែម្តង។ ឧទាហរណ៍​ក្នុង​យុគសម័យ​បច្ចុប្បន្ននេះ វិស័យ​អចលនទ្រព្យ​ដីធ្លី គឹជា​វិស័យ​រីកចម្រើន​ខ្លាំង​មូ​យ​ក្នុងចំណោម​វិស័យ​ទាំង4 ដូចជា​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្ម​ជាដើម។ បើ​អ្នក​ដែលមាន​ធនធាន​ច្រើន គេ​អាច​បើក​អាជីវកម្ម ឬ​ក្រុមហ៊ុន​ខ្នាត​ធំ​ដើម្បី​ស្វែងរក​ប្រាក់ចំណេញ​ច្រើន​បាន។ ចំណែក​អ្នក​មិនសូវមាន​ធនធាន​ក៏​អាច​មានឱកាស​ធ្វើការ​លើ​វិស័យនេះ​បានដែរដូចជា​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ ឬ​ឈ្មួញកណ្ដាល(កួកជេ)ក៏​អា​ចរក​កម្រៃជើងសា​បាន​ច្រើន​ដែរ ដោយសារ​វិស័យ​ដីធ្លី​នេះ​កំពុងមាន​ការរីកចម្រើន​ខ្លាំង។ វិស័យ​សំណង់​ក៏​កំពុងមាន​ការរីកដុះដាល​ខ្លាំង​ឡើង​ដែរ​ដែល​ធ្វើឱ្យ​អ្នកជំនួញ​ជាច្រើន មិនថាតែ​អ្នកជំនួញ​ក្នុងស្រុក​ទេ សូម្បីតែ​ជនបរទេស​ក៏​ពួកគេ​ចូលមក​រកស៊ី​លក់​គ្រឿង​សម្ភារ​សំណង់​នៅក្នុង​ទីផ្សារ​ប្រទេសកម្ពុជា​ដែរ ដែលអ្នកណាៗក៏​ដឹង​ដែរ​ថា វិស័យ​សំណង់​បាន​កើនឡើង​ខ្លាំង តម្រូវការ​គ្រឿង​សម្ភារ​សំណង់​ក៏​កើនឡើង​ខ្លាំង​ដូចគ្នា។ លោក​ថា បើ​រកស៊ី​មិន​សម្លឹងមើល​ឱកាស ហើយ​ចេះតែ​បើក​តាមចិត្ត​ចង់ទោះ​ជាមាន​សមត្ថភាព មាន​ធនធានមនុស្ស​គ្រប់គ្រាន់ មាន​ថវិកា​សម្រាប់​ទប់ និង​ត្រៀម​បម្រុង​ច្រើន​ប៉ុនណា​ក៏ដោយ ក៏​អាច​ដួលរលំ​បានដែរ ឬ​បើ​ដំណើរការ ក៏​ទៅមុខ​យឺត​ដែរ។

ចំពោះ​ឱកាស​នេះ ក៏​យើង​ត្រូវ​ចេះ​មើល​ទៅលើ​ប្រព័ន្ធ​ច្បាប់​ផងដែរ ដូចជាថ្មីៗនេះ រដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​ថ្មី​មួយ​ដើម្បី​លើកកម្ពស់ និងលើកទឹកចិត្ត​ដល់​សហគ្រិន​ដែលជា​ម្ចាស់​សហគ្រាស​ខ្នាតតូច និង​មធ្យម ដូចជា​បញ្ចុះតម្លៃ​អគ្គិសនី​ដល់​អាជីវកម្ម​ដែល​ទើប​បើក​ថ្មី មិន​យកពន្ធ​រយៈពេល3ឆ្នាំ​លើ​ប្រាក់ចំណេញ មិន​យកពន្ធ 5ឆ្នាំ​លើ​ប្រាក់ចំណូល បន្ថែម​ទឹកប្រាក់ 150ភាគរយ​លើ​គ្រឿងយន្ត​កសិកម្ម និង​បន្ថែម​ប្រាក់ 200ភាគរយ​លើ​វិស័យ​អប់រំ ជាដើម។ គោលនយោបាយ​ថ្មី​ទាំងនេះ មាន​គោលដៅ​លើកកម្ពស់​ផលិតកម្ម​ក្នុងស្រុក​ឱ្យបាន​ច្រើន ​និង​កាត់បន្ថយ​ការនាំ​ចូល​ឱ្យបាន​កាន់តែច្រើន​ផងដែរ។ ចំណែក​វិស័យ​សំណង់ ​រដ្ឋ​នៅ​គិត​ពន្ធ​លើ​របប​ម៉ៅការ​នៅឡើយ មិនទាន់​គិត​ពន្ធ​លើ​របប​ពិត​នៅឡើយ​ទេ ដែល​នេះ​ជា​ឱ​កាសម្រាប់​សហគ្រិន​ស្វែងរក​ប្រាក់ចំណេញ​បាន​ច្រើន និង​ធ្វើឱ្យ​អាជីវកម្ម​របស់ខ្លួន​រីកចម្រើន​ឆាប់រហ័ស។

ចំណែក​ចំណុច​ទី3 ទាក់ទង​នឹង​អាយុ​របស់​សហគ្រិន បើសិនជា​មនុស្ស​នោះ​នៅ​ក្មេង​ពេក គឺ​មិនទាន់​អាចធ្វើ​អាជីវកម្ម​បានទេ ហើយ​ដើម្បី​ការពារ​កុំឱ្យ​មាន​គ្រោះថ្នាក់ ឬ​ហានិភ័យ​ក្នុង​អា​ជីវក​ម្ម គាត់​គួរ​រក​ការងារ​ធ្វើជា​បុគ្គលិក​គេ​ជាមុនសិន ទោះជា​ខ្លួន​រៀន​ចប់​ពី​សាលា​ណាក៏ដោយ។ ការធ្វើ​ដូច្នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ខ្លួនឯង​ឱ្យបាន​ខ្លាំង​ជាមុនសិន។​ ឧទាហរណ៍​យុវជន​ម្នាក់​ចង់​រកស៊ី​បើកហាង​អ៊ុតសក់បើសិន​ទើបតែ​រៀន​ចប់ ហើយ​នៅ​ក្មេង​ផង​នោះ មិនគួរ​បើកហាង​អ៊ុតសក់​ដោយ​ខ្លួនឯងភ្លាមៗទេ ព្រោះ​ជួនកាល​ខ្លួនឯង​មាន​លុយ​តិចតួច រួច​ខំ​ទៅ​ខ្ចីប្រាក់​បងប្អូន​មក​បើក…ទុនបម្រុង​ក៏​គ្មាន បទពិសោធក៏​គ្មាន ម៉ូយ​ក៏​មិនទាន់មាន បើក​បាន​មួយរយៈ ក៏​ដួល​ទៅវិញ ក្ស័យ​ទុន អស់​ដើម អស់​ចុង។ ដូច្នេះ បើ​យក​ល្អ គួរ​ខំប្រឹង​ធ្វើការ​ឱ្យគេ​ឱ្យបាន​ល្អជា​មុន​សិ​ន ពេល​កាត់សក់​ឱ្យគេ​ល្អ គេ​តែង​សុំ​លេខ​យើង​ទុកហើយៗទោះ​យើង​ទៅធ្វើ​ការ​នៅទីណា​ក៏​គេ​នៅតែ​តាម​កាត់​ដែរ។ និយាយ​ដូចនេះ​ហាក់ដូច​ប៉ះពាល់​ក្រមសីលធម៌​បន្តិច ប៉ុន្តែ​វា​ជា​ធាតុ​សត្យានុម័ត មិនមែន​យើង​ទាញ​ភ្ញៀវ​ពី​ហាង​ចាស់​របស់គេ​មក​ទេ តែ​ភ្ញៀវ​គេ​ស្ម័គ្រចិត្ត​មក​តាម​យើង វា​ជា​រឿង​របស់​ភ្ញៀវ​ទេព្រោះ​ធម្មតា កន្លែង​ណា​កាត់​ល្អ គេ​ទៅ​កន្លែង​នោះហើយ ក្រៅពី​មាន​សមត្ថភាព និង​មាន​ភ្ញៀវ​នៅក្នុងដៃ​ស្រាប់​ហើយ។ រឿង​មួយទៀត គឺ​យើង​ក៏ត្រូវ​ចេះគុណគូរ​ការចំណាយ និង​ចំណូល​ក្នុង​ក្រុមហ៊ុន​របស់គេ​ផងដែរ ដើម្បីឱ្យ​អាច​ដឹងថា គេ​រកស៊ី​ចំណេញ ឬ​មិន​ចំណេញ។

យ៉ាងណាមិញ ការចាប់ផ្តើម​អាជីវកម្ម​ថ្មី​មួយ វា​តែងមាន​គូប្រកួតប្រជែង​នៅលើ​ទីផ្សារ​ដោយ​ចៀស​មិន​រួច​នោះទេ ដូច្នេះ​នៅពេលដែល​យើង​ចាប់ផ្តើម​ក្រោយ​គេ យើង​ត្រូវ​ធ្វើយ៉ាងណា​ធ្វើឱ្យ​បានល្អ​ជាងគេ ទាំង​គុណភាព និង​តម្លៃ ដើម្បីឱ្យ​អតិថិជន​បែរមក​ទទួលយក​ផលិតផល ឬ​សេវាកម្ម​ដែល​ថ្មី​របស់​យើង​វិញ តែបើ​ធ្វើ​មិនបាន​ដូច​របស់គេ​ទេ គួរ​កុំ​ចំណាយលុយ​ធ្វើ​អី វា​ប្រាកដជា​មិនអាច​ជោគជ័យ​នៅលើ​ទីផ្សារ​បានឡើយ ប៉ុន្តែ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នោះ មុននឹង​ចាប់ផ្តើម​អាជីវកម្ម អ្នក​គួរតែ​ធ្វើការ​ស្រាវជ្រាវ​ទីផ្សារ​ឱ្យបាន​ច្បាស់​ដើម្បី​ឱ្យដឹងថា​ផលិតផល ឬ​សេវាកម្ម​ដែល​យើង​កំពុង​ចង់​បើក​រកស៊ី​នោះ​នឹងមាន​ការគាំទ្រ​ដែរឬទេ? ឬ​មានការ​គាំទ្រ​ខ្លាំង​ប៉ុនណា​នៅលើ​ទីផ្សារ?។

ជាមួយគ្នានេះ​លោក​បណ្ឌិត តាន់ មុន្នី​វណ្ណ អគ្គនាយករង​ក្រុមហ៊ុន​ម៉ុង​ឬ​ទ្្ធីគ្រុប ក៏បាន​បង្ហាញ​ពីបទ​ពិសោធ​ការបើក​ក្រុមហ៊ុន​ដំបូង​របស់លោក​ឱ្យដឹង​ដែរ​ថា ដើមឡើយ​ដោយសារ​ទុកចិត្ត​លើ​សមត្ថភាព​ជនបរទេស​ដែល​គេ​ពូកែ​និយាយ និង​ពេលខ្លះ​លាយឡំ​ដោយ​ការ​កុហក​ផងដែរ​នោះបាន​ធ្វើឱ្យ​លោក​ជឿទុកចិត្ត​បណ្តាក់ទុន​រកស៊ី​ជាមួយ​គេ ចុងក្រោយ​គេ​ធ្វើ​របាយការណ៍​ចំណាយ​ច្រើនជាង​ចំណូល នាំឱ្យ​ក្រុមហ៊ុន​រកស៊ី​ខាត​ដែល​តម្រូវឱ្យ​យើង​បន្ថែម​ទុន​បន្ថែម​ដើម្បី​ទប់ទល់​កុំឱ្យ​ដួលរលំ ជាហេតុ​បណ្តាលឱ្យ​លោក​ខាតបង់​លុយកាក់​អស់​ជាច្រើន។ ចុងក្រោយ​ទើប​រកឃើញថា គេ​ធ្វើ​របាយការណ៍​បោកប្រាស់ ហើយក៏​ឈប់​រកស៊ី​ជាមួយគ្នា​តទៅទៀត។ ចំណុច​នេះ​លោក​បានលើកឡើង​ជា​អនុសាសន៍​ថា បើ​ចង់​រកស៊ី​ចូល​ហ៊ុន​គ្នា​បើក​អាជីវកម្ម​គួរតែ​ប្រុងប្រយ័ត្ន​ក្នុងការ​ជ្រើសរើស​ដៃគូ ឬ​ភាគហ៊ុន​ណា​ដែល​ល្អ និង​មាន​ភាពស្មោះត្រង់ ព្រោះ​អ្នកខ្លះ​គេ​ល្អ គេ​ស្មោះត្រង់ ខំប្រឹង​ធ្វើការ​អស់ពី​សមត្ថភាព ចំណាយពេល​ដើម្បី​ធ្វើ​ការឱ្យ​រីកចម្រើន​ទៅមុខ​ទាំងអស់គ្នា ហើយក៏​មិន​ខ្វះ​ដែរ​សម្រាប់​ដៃគូ​ដែល​មិន​ស្មោះត្រង់ ចង់​កេងចំណេញ​តែ​ពីលើ​យើង​គ្រប់ពេលវេលា​នោះ ដូច្នេះ​មុននឹង​រកស៊ី​ចូល​ហ៊ុន​គ្នា គួរ​ប្រុងប្រយ័ត្ន​ចំពោះ​ដៃគូ​របស់ខ្លួន​ជាមុន​ដែរ៕