ក្រុមហ៊ុនខួងអណ្ដូងប្រេងវៀតណាម PetroVietnam Drilling & Well Service Corporation ឬហៅថា PV Drilling នឹងអនុវត្តកិច្ចសន្យាខួងអណ្ដូងប្រេងចំនួន៥ អណ្ដូងសម្រាបក្រុមហ៊ុនKrisEnergy នៅក្នុងដែនសមុទ្រកម្ពុជាសម្រាប់រយៈពេល ៣ខែ ដោយការខួងអណ្ដូងនេះ នឹងត្រូវចាប់ផ្ដើមពីខែតុលាឆ្នាំនេះ។ នេះបើតាមសេចក្ដីរាយការណ៍មួយដោយសារព័ត៌មាន Vietnamplus។
ការបញ្ជាក់ពីពេលវេលាចូលមកខួងអណ្ដូងប្រេងនៅកម្ពុជារបស់ក្រុមហ៊ុនវៀតណាមនេះ គឺធ្វើឡើងបន្ទាប់ពីនៅចុងខែសីហានេះ ក្រុមហ៊ុន គ្រីសអេនើជី ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័ននៅកម្ពុជា បានប្រកាសថា ខ្លួនបានសាងសង់រួចរាល់ហើយ នូវផ្លាតហ្វមក្បាលអណ្ដូងផលិតកម្ម ឬហៅថា Mini-Platform សម្រាប់ការអភិវឌ្ឍអណ្ដូងប្រេងកាតក្នុងប្លុក A ដែលស្ថិតក្នុងដែនសមុទ្រកម្ពុជា ហើយក្បាលអណ្ដូងផលិតកម្មនេះ ក៏កំពុងត្រូវបានបញ្ជូនមកកាន់ដែនសមុទ្រកម្ពុជា ដែលស្ថិតនៅក្នុងឈូងសមុទ្រថៃ ដើម្បីធ្វើការតម្លើងផងដែរ។
ក្រុមហ៊ុនខួងអណ្ដូងប្រេងរបស់វៀតណាម PV Drillingនេះ បានបន្ថែមទៀតថា ចាប់តាំងពីខែសីហាឆ្នាំ២០២០ ចំនួននៃការដេញថ្លៃខួងយកប្រេងសម្រាប់ឆ្នាំនេះ ទាំងនៅវៀតណាម និងតំបន់អាស៊ីអាគ្នេយ៍ផង គឺមានការចំនួនតិចតួចណាស់។ ជាមួយគ្នានេះ ក្រុមហ៊ុនខួងអណ្ដូងប្រេងរបស់វៀតណាមមួយនេះ ក៏ជួបប្រទេសនូវបញ្ហាផងដែរ ដោយសារតែមានការបញ្ឈប់ប្រតិបត្តិការមុនកិច្ចសន្យានៅប្រទេសម៉ាឡេស៊ី តាំងពីខែមិថុនាមក។
ដូច្នេះ ហើយក្រុមហ៊ុនខួងអណ្ដូងប្រេងរបស់វៀតណាម នឹងពិនិត្យមើលស្ថានភាពតម្រូវការផ្គត់ផ្គង់នៅក្នុងទីផ្សារដើម្បីស្វែងរកកិច្ចសន្យាខួងអណ្ដូងប្រេងថ្មីៗ ដើម្បីឈានទៅសម្រេចគោលដៅអាជីវកម្មរបស់ខ្លួននៅឆ្នាំនេះ។
ក្រុមហ៊ុនខួងអណ្ដូងប្រេង PV Drilling របស់វៀតណាមត្រូវបានរាយការណ៍ថា ទទួលបានកំណើនប្រាក់ចំណូលប្រចាំឆ្នាំ៦៤% សម្រាប់រយៈពេល ៦ខែដំបូងនៅឆ្នាំ២០២០នេះ ដោយមានក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៣៧ លានដុល្លារអាមេរិក ខណៈដែលប្រាក់ចំណេញក្រោយបង់ពន្ធរួច មានដល់ទៅជាង ៣លាន៦សែនដុល្លារអាមេរិក ខ្ពស់ជាងកាលពី៦ខែឆ្នាំមុនប្រមាណជិត១លានដុល្លារអាមេរិក៕