Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនមេរបស់ 7-Eleven ថា សំណើរបស់ក្រុមហ៊ុនកាណាដា សុំទិញភាគហ៊ុនរបស់ខ្លួនក្នុងតម្លៃ៤០ពាន់លានដុល្លារ គឺថោកពេកហើយ

Media LNN | Sep 07, 2024
ក្រុមហ៊ុនមេរបស់ 7-Eleven ថា សំណើរបស់ក្រុមហ៊ុនកាណាដា សុំទិញភាគហ៊ុនរបស់ខ្លួនក្នុងតម្លៃ៤០ពាន់លានដុល្លារ គឺថោកពេកហើយ
Clinic narith

ក្រុមហ៊ុនយក្សជប៉ុន Seven & i Holdings ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុម៉ាតដ៏ល្បីល្បាញ 7-Eleven បានបង្ហាញការខកចិត្តថា សំណើរបស់ក្រុមហ៊ុនម៉ាតខ្នាតយក្សរបស់កាណាដា អាលីមិនថេសិន ឃូចថាត (Alimentation Couche-Tard) សុំទិញយកភាគហ៊ុនទាំងអស់របស់ខ្លួន រួមទាំងអាជីវកម្ម 7-Eleven ផងក្នុងតម្លៃ៤០ពាន់លានដុល្លារអាម៉េរិក នោះគឺថោកពេកហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ អេស៊ា។

ប្រភពច្បាស់ការបានទម្លាយប្រាប់សារព័ត៌មាន នីកេ អេស៊ា ថា ក្រុមហ៊ុនយក្សជប៉ុន Seven & i Holdings នឹងផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមហ៊ុនយក្សកាណាដា អាលីមិនថេសិន ឃូចថាត ដើម្បីជូនដំណឹងថា សំណើដែលខ្លួនសុំទិញយកភាគហ៊ុនទាំងអស់របស់ខ្លួនរួមទាំងអាជីវកម្មហាងម៉ាត 7-Eleven ផងដែរនោះ គឺថោកពេកហើយ ហើយថា នៅតែមានការព្រួយបារម្ភអំពីច្បាប់ ស្ដីពីការប្រកួតប្រជែង។

ប្រភពដដែលបានបន្តថា សំណើបឋមដែលមិនចងភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់របស់ក្រុមហ៊ុនយក្សកាណាដា បានសុំទិញយកភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនយក្សជប៉ុន Seven & i Holdings ដោយឱ្យតម្លៃត្រឹមតែក្រោម១៥ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឱ្យតម្លៃសរុបនៃកិច្ចព្រមព្រៀងនេះមានទំហំប្រមាណ៤០ពាន់លានដុល្លារអាម៉េរិក។

ក្រុមហ៊ុនយក្សជប៉ុន Seven & i Holdings បានបង្កើតគណៈកម្មការមួយដើម្បីពិនិត្យមើលសំណើសុំទិញយកភាគហ៊ុននេះ។ បន្ទាប់ពីទទួលបានរបាយការណ៍ស្តីពីស្ថានភាពនៃដំណើរការត្រួតពិនិត្យពីគណៈកម្មការខាងលើ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Seven & i Holdings បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ថា ខ្លួននឹងផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមហ៊ុនយក្សកាណាដា អាលីមិនថេសិន ឃូចថាត (Alimentation Couche-Tard) យ៉ាងឆាប់ នៅថ្ងៃសុក្រ ទី៦ ខែកញ្ញា នេះ។

ជាក់ស្តែង ក្រុមហ៊ុនយក្សជប៉ុន Seven & i Holdings បានចាត់ទុកសំណើសុំទិញយកភាគហ៊ុនទាំងអស់របស់ខ្លួននេះថា ទាបខ្លាំង បើធៀបនឹងតម្លៃសាជីវកម្មពិតរបស់ក្រុមហ៊ុន ហើយថា ការពិភាក្សាទាក់ទងនឹងការទិញយកភាគហ៊ុននេះនឹងបន្តធ្វើឡើង ហើយលិខិតនេះនឹងស្នើឱ្យក្រុមហ៊ុនយក្សកាណាដា ពិនិត្យមើលឡើងវិញ និងពិចារណាផ្ដល់សំណើទិញជាថ្មីក្នុងតម្លៃសមរម្យមួយដែលអាចទទួលយកបាន។

ទន្ទឹមនេះ ក៏សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននៅទូទាំងពិភពលោក មានហាងម៉ាត 7-Eleven រហូតដល់ទៅប្រមាណជាង៨៤.០០០ហាង នៅក្នុងប្រទេស និងតំបន់សរុបចំនួន១៩ រួមទាំងនៅកម្ពុជា ផងដែរ។ នេះបើយោងតាមគេទំព័រផ្លូវការរបស់ក្រុមហ៊ុនខ្សែសង្វាក់ហាងម៉ាត 7-Eleven ៕