Alynana Media Cambodia
Icon Collap
clinic narit

គណៈកម្មការទី៥ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីជាមូលដ្ឋានចុះតាមដានការអនុវត្តច្បាប់

Admin Alynana | Feb 17, 2021
គណៈកម្មការទី៥ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីជាមូលដ្ឋានចុះតាមដានការអនុវត្តច្បាប់
Clinic narith

គណៈកម្មការទី៥ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍

 ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១--គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា នៅព្រឹកថ្ងៃ៥កើត ខែផល្គុន ឆ្នាំជូត ទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានបញ្ជាក់អំពីគោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ជនបរទេសមិនមែនអន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេស ការផ្តល់ប័ណ្ណការងារជូនជនបរទេស និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេស ដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុននានា និងកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែន ជាមួយអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែននៃប្រទេសជិតខាង ព្រមដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ថ្មី ស្តីពីច្បាប់អន្តោប្រវេសន៍។

ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត  ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំបានជ្រាបអំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងសមិទ្ធផល របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងឆ្នាំ២០២០ ព្រមទាំងទិសដៅការងារអនុវត្តន៍បន្តឆ្នាំ២០២១ មានជាអាទិ៍៖ ការដោះស្រាយបញ្ចប់វិបត្តិនៃបញ្ហាជនបរទេសអន្តោប្រវេសន៍។ ការពង្រឹងដំណើរការគ្រប់គ្រងការចេញ-ចូលព្រះរាជាណាចក្រកម្ពុជា។ ការរៀបចំការគ្រប់គ្រង់វត្តមានជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការត្រួតពិនិត្យជំរុញឱ្យជនបរទេសគោ   រពច្បាប់ការងារ។ ការដោះស្រាយបានល្អនូវបញ្ហាជនភៀសខ្លួន។ 

ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត  ច័ន្ទថារិទ្ធ បានបញ្ជាក់បន្ថែមថា ការងារអន្តោប្រវេសន៍ គឺជាកិច្ចការដែលមានសារៈសំខាន់ ក្នុងការរួមចំណែកការពារបូរណភាពទឹកដី អធិប​តេយ្យភាពជាតិ សន្តិសុខ សុវត្ថិភាពសង្គម និងការអភិវឌ្ឍជាតិ។ ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ជាប្រចាំក្នុងការចង្អុល ដឹកនាំដោយផ្កោតលើបញ្ហាសំខាន់ៗមួយចំនួន ដូចជា៖ រៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍ និងការកែសម្រួលបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ឱ្យបានសមស្របតាមសភាពការណ៍បច្ចុប្បន្ន។ ពង្រឹងបន្ថែមលើការគ្រប់គ្រងទិន្នន័យអ្នកដំណើរ ទិន្នន័យមុខសញ្ញា។ ពង្រឹងប្រសិទ្ធភាព និងលទ្ធភាពការងារគ្រប់គ្រងការស្នាក់នៅក្នុងប្រទេសឱ្យកាន់តែច្បាស់លាស់។ យកចិត្តទុកដាក់ចង្អុល ដឹកនាំការងារជនភៀសខ្លួនប្រកបដោយភាពបត់បែន ឆ្លាតវៃ។ បន្តខិតខំអភិវឌ្ឍន៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យកាន់តែមានសមត្ថភាពថែមទៀត ក្នុងការទទួលរ៉ាប់រងតួនាទី ភារកិច្ចរបស់ខ្លួនឱ្យឆ្លើយតបតាមសំណូមពរជំនាញ។

 បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍រួចមក លោកជំទាវ ទី បូរ៉ាស៊ី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។ ព័ត៌មានទាំងអស់នេះ គឺជាមូលដ្ឋានមួយដ៏សំខាន់សម្រាប់ឱ្យគណៈកម្មការនានារបស់ព្រឹទ្ធសភា ជាពិសេសគណៈកម្មការទី៥ ដែលត្រូវចុះតាមដានការអនុវត្តច្បាប់ គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលជាវិស័យសមត្ថកិច្ចរបស់គណៈកម្មការទី៥នៃព្រឹទ្ធសភា នៅតាមបណ្តាខេត្តដែលមានច្រកទ្វារព្រំដែន៕