សូមជម្រាបថា ម្ចាស់ជ័យលាភីទាំង៥រូបនោះ ទី១ លោក មូល ស៊ុយហេង និងលោក សម គឹមសាន្ត គណៈគ្រប់គ្រងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ទី២ លោក គឹម ឡេង គណៈគ្រប់គ្រងវិទ្យាល័យ១០មករា ១៩៧៩ ខេត្តសៀមរាប ទី៣ លោក ឡៅ ម៉ូលីណា គណៈគ្រប់គ្រងវិទ្យាល័យជាស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ ទី៤ លោក អេង ភីរុណ គណៈគ្រប់គ្រងវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង និងទី៥ លោក ថាវ សុខផល គណៈគ្រប់គ្រងវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម។
បើតាមក្រសួងអប់រំបានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជា បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំនៅថ្ងៃទី៥ ខែតុលា។ ទិវានេះធ្វើឡើងក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។
គួរជម្រាបផងដែរថា ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ ដែលយើងបានងើបចេញពីរបបប្រល័យពូជសាសន៍ ដែលបានបំផ្លាញគ្មានសល់ទំាងធនធានមនុស្សនិងហេដ្ឋាចរនាសម្ពន្ធនោះ សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួមកសាងនិងអភិវឌ្ឍប្រទេសជាតិរហូតមកទល់ពេលបច្ចុប្បន្ន។ នេះជាគុណបំណាច់និងជាការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ។ ម្ល៉ោះហើយទើបមានពាក្យមួយឃ្លាថា “គ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជានិងអត្តចរិតដល់កុលបុត្រកុលធីតារបស់យើងដែលជាទំពាំងស្នងឫស្សី៕