ភ្នំពេញៈ សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៤,០% នៅឆ្នាំនេះ និង ៥,៥% ក្នុងឆ្នាំ ២០២២ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីចេញផ្សាយនៅថ្ងៃទី ២៨ មេសានេះ។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី SunniyaDurrani-Jamal បានមានប្រសាសន៍ ថា “សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩។ រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗដែលបានកើតឡើង ហើយយើងរំពឹង ថាសេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញក្នុងឆ្នាំ ២០២១។ កំណើននេះនឹងជួយបង្កើនប្រាក់ចំណូល គ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យ និងតំបន់ទាំងអស់នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ ដូច្នេះវាចាំបាច់ណាស់ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែម ឱ្យបានដិតដល់"។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មប្រាប់ភ្នំពេញ ប៉ុស្តិ៍ថាសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវិញ នៅពេលដែលពលរដ្ឋចាក់វ៉ាក់សាំងការពារកូវីដបានលឿន និងច្រើន។
លោកថ្លែងថា៖ «យើងអាចប៉ាន់ស្មានពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទៅបានទាល់តែយើងបានចាក់វ៉ាក់សាំងឲ្យបានចំនួន ៧៥ ភាគរយឡើងទៅទើបយើងអាចរក្សាលំនឹងសេដ្ឋកិច្ច ក៏ដូចជា ស្ថិរភាពសុខុមាលភាពសេដ្ឋកិច្ចកម្ពុជា។ យើងឃើញហើយថា សព្វថ្ងៃរោងចក្រមួយចំនួនត្រូវបិទខ្ទប់ដោយការរាតត្បាតជំងឺកូវីដ១៩ចូលដល់ក្នុងរោងចក្រដែលនាំឲ្យសេដ្ឋកិច្ចកម្ពុជាបន្តធ្លាក់ទៀត ប៉ុន្តែប្រសិនបើ រាជរដ្ឋាភិបាលអាចទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងរយៈពេល ១ ឬ ២ ខែទៀត ចប់សព្វគ្រប់ ទើបកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះនឹងស្ថិតក្នុងរង្វង់ការព្យាករណ៍នេះ ផ្ទុយទៅវិញបើយើងមិនអាចទប់ស្កាត់បាន ហើយជំងឺកូវីដ ១៩ បន្តរីករាលដាលបន្តទៀត ការព្យាករណ៍នេះនឹងមិនសមស្របនោះទេ»។
យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១ ផលិតកម្មឧស្សាហកម្មត្រូវបានគេរំពឹងថានឹងកើនឡើង ៧,១% ក្នុងឆ្នាំ ២០២១ និង ៧,០% នៅឆ្នាំ ២០២២ ដោយសារការងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ក៏ដូចជាកំណើន នៃ ឧស្សហកម្មធនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិក និងកង់។ វិស័យកសិកម្មត្រូវបានរំពឹងថានឹងកើនឡើង ១,៣% ក្នុងឆ្នាំ ២០២១ និង ១,២% ក្នុងឆ្នាំ ២០២២ ដោយមានការកើនឡើងនៃផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃវារីវប្បកម្ម និងការហក់ឡើងនៃការនាំចេញផលិតផលកសិកម្ម ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានេះដែរយោងតាមរបាយការណ៍ទស្សនវិស័យនេះ វិស័យសេវាកម្មនឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ ពោលគឺប្រមាណ ៣,៣% ក្នុងឆ្នាំ ២០២១ ទៅ ៦,២% ក្នុងឆ្នាំ ២០២២។ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងស្រុក ដែលបានចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ ២០២១ កំពុងធ្វើឲ្យសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ។ ការរឹតបន្តឹងការធ្វើដំណើរត្រូវបានរំពឹងថានឹងនៅបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ ២០២១ ដែលមានន័យថា វិស័យទេសចរណ៍ មិនត្រូវបានរំពឹងថាអាចជួយជំរុញកំណើនផ្នែកសេវាកម្មនៅឆ្នាំនេះទេ។ វិស័យអចលនទ្រព្យត្រូវបានព្យាករថានឹងងើបឡើងវិញពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នាទៅនឹងឧស្សាហកម្មសំណង់។
“ល្បឿនមិនស្មើគ្នានៃការងើបឡើងវិញនៃវិស័យនានានឹងបន្តជាសម្ពាធលើគ្រួសារ និងក្រុមហ៊ុនមួយចំនួននៅឆ្នាំនេះ ដែលនឹងធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចជារួម មានការយឺតយ៉ាវ។ ហានិភ័យ ចម្បងៗសម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចនេះ រួមមាន ការរីករាលដាលនៃការផ្ទុះឡើងនៃកូវីដ១៩ នៅតាមសហគមន៍ កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកនៃដៃគូធុរកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជាអាមេរិក និងអឺរ៉ុប ការបន្តនៃភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក និងបញ្ហាប្រឈមរបស់សេវាកម្មហិរញ្ញវត្ថុ និង ធនាគារ។
លោកស្រី SunniyaDurrani មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលចាំបាច់ ត្រូវរក្សាជំហរគោលនយោបាយសារពើពន្ធដែលគាំទ្រកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំក្រោយ ៕