ក្រោយបើកការដ្ឋានសាងសង់អស់រយៈពេលប្រមាណ ១ ឆ្នាំ ពេលនេះគម្រោងសាងសង់ឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក បានប្រកាសបើកដំណើរការ គម្រោងដំណាក់កាលទី១ហើយ។ នេះបើយោងតាមការចុះផ្សាយពីក្រុមហ៊ុននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងការចុះផ្សាយនោះក្រុមហ៊ុនបានសរសេរយ៉ាងដូច្នេះថា “ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកដំណើរការជាផ្លូវការនូវភណ្ឌាគាដំណាក់កាលទី១ នៃអ៊ីអន ម៉ល ឡូជី ផ្លាស ភណ្ឌាគាដឹកជញ្ជូនតំបន់ពាណិជ្ជកម្មសេរី ក្រុងព្រះសីហនុ (FTZ Logistics Center) ដែលនឹងបម្រើជាមូលដ្ឋានសម្រាប់អាជីវកម្មភស្តុភារថ្មីបស់ខ្លួន”។
ចំពោះលក្ខណៈពិសេសនៃឃ្លាំងស្កុកទំនិញថ្មីនេះមានដូចជា៖ ១.សារពើភ័ណ្ឌសម្រាប់អនិវាសនជន ២.ប្រតិបត្តិការយ៉ាងរលូនចាប់ពីដំណើរការត្រួតពិនិត្យពន្ធគយ រហូតដល់ការដឹកជញ្ជូនទៅដល់ភណ្ឌាគា ៣. ទីតាំងដែលមានសក្តានុពលសម្រាប់អភិវឌ្ឍជាភណ្ឌាគាក្នុងការដឹកជញ្ជូនទំនិញ។
ក្រុមហ៊ុនបន្ដថា “តាមរយៈការខិតខំប្រឹងប្រែងទាំងនេះ យើងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត ការធ្វើឱ្យប្រសើរឡើងនឹងផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជនរបស់យើងដោយផ្តល់ឱកាសអាជីវកម្ម និងសេវាកម្មដល់អាជីវកម្មជាច្រើនប្រភេទ រួមទាំងអាជីវកម្មរបស់យើងផងដែរ”។
សូមរំលឹកផងដែរថា គម្រោងឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក នេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២៕