(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសរុបចំនួន ៥១៥.០៦០ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីអភិវឌ្ឍគម្រោងសំខាន់ៗ០២ ទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប(AI) ។
នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ រវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ជំនួយនេះ ផ្តោតសំខាន់លើគម្រោងចំនួន ០២ រួមមាន៖ ទី១. ធ្វើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប(AI) ដើម្បីកំណត់ទីតាំងតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ និង ទី២. គាំទ្រកម្លាំងជំនាញស្រាវជ្រាវព័ត៌មានចម្ការមីន/គ្រាប់ក្នុងខេត្តពោធិ៍សាត់ កំពង់ធំ និងខេត្តសៀមរាប ដើម្បីបញ្ជាក់ពីសុក្រិតភាពនៃប្រព័ន្ធទិន្នន័យAIនេះ។
លើសពីនេះ ជាមួយនឹងប្រព័ន្ធទិន្នន័យAI ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន អង្គភាពស៊ីម៉ាក់នឹងសហការយ៉ាងជិតសិ្នទ្ធជាមួយក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន (NEC) ដើម្បីអភិវឌ្ឍនិងរៀបចំប្រពន្ធ័នេះឡើងឱ្យបានឆាប់រហ័ស។
ជាមួយគ្នានេះផងដែរ គម្រោងនេះ អាចជាបទពិសោធន៍ក្នុងការបង្កើតប្រពន្ធ័ទិន្នន័យAI សម្រាប់វិស័យមីននៅអង្គភាពស៊ីម៉ាក់ ហើយក៏អាចចែករំលែកបទពិសោធន៍នេះ ជាមួយបណ្តាប្រទេសដែលមានបញ្ហាគ្រាប់មីនមួយចំនួនទៀតផងដែរ៕