នៅទីបំផុត សហភាពអឺរ៉ុប បានអនុម័តច្បាប់ដ៏មានសារសំខាន់ដំបូងបង្អស់របស់ពិភពលោកសម្រាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ខណៈដែលស្ថាប័ននានាជុំវិញពិភពលោកប្រឹងប្រែងដាក់ចេញវិធានការរឹតបន្តឹងលើបច្ចេកវិទ្យាដ៏ពេញនិយមមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានបញ្ជាក់ថា ខ្លួនបានអនុម័តហើយនូវច្បាប់ស្ដីពីការគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលជាច្បាប់ដ៏មានសារសំខាន់មួយដែលកំណត់វិធានយ៉ាងទូលំទូលាយជុំវិញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។
លោក ម៉ាត់ស៊ីវ មីឆែល (Mathieu Michel) រដ្ឋមន្ត្រីក្រសួងឌីជីថលនីយកម្មនៃប្រទេសបែលហ្ស៊ិក បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ទី២១ ខែឧសភា ថា ការអនុម័តច្បាប់ AI នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សហភាពអឺរ៉ុប។ ជាមួយនឹងច្បាប់ AI នេះ អឺរ៉ុបផ្ដោតការយកចិត្តទុកដាក់លើសារសំខាន់នៃការជឿទុកចិត្ត តម្លាភាព និងគណនេយ្យភាពទាក់ទិននឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាថា បច្ចេកវិទ្យាដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះអាចរីកចម្រើនទៅមុខដោយមិនបង្កហានិភ័យធ្ងន់ធ្ងរ និងជួយជំរុញនវានុវត្តន៍ថ្មីរបស់អឺរ៉ុប។
កម្មវិធី ឬ AI App ត្រូវបានគ្រប់គ្រងផ្សេងៗពីគ្នាក្រោមច្បាប់ AI នេះដោយផ្អែកលើភាពគ្រោះថ្នាក់ ឬ ហានិភ័យដែល App ទាំងនោះបង្កឡើងដល់សង្គមមនុស្ស។ សូមបញ្ជាក់ថា ច្បាប់ AI នេះហាមឃាត់ AI App ណាដែលត្រូវបានចាត់ទុកថា មិនអាចទទួលយកបាន ទាក់ទិននឹងកម្រិតហានិភ័យដែលវាបង្កឡើងមកលើសង្គមមនុស្ស៕