Alynana Media Cambodia
Icon Collap
clinic narit

ក្រុម​សកម្មជន​ប្រឆាំង​ការ​សាងសង់​អាគារ​ក្រុមហ៊ុន Amazon លើ​ទឹកដី​ប្រវត្តិសាស្រ្ត​

Admin Alynana | Nov 21, 2022
ក្រុម​សកម្មជន​ប្រឆាំង​ការ​សាងសង់​អាគារ​ក្រុមហ៊ុន Amazon លើ​ទឹកដី​ប្រវត្តិសាស្រ្ត​
Clinic narith

ទីក្រុង CAPE TOWN ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ទីតាំង​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Cape Town ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដែល​គេ​ស្គាល់​ថា River Club ដែល​មាន​ទីលាន​វាយ​កូនគោល​ចាស់​រេចរឹល កន្លែង​ហ្វឹកហាត់​វាយ​កូនគោល និង​អាគារ​សន្និសីទ​មួយ​កន្លែង ឥឡូវ​នេះ​បាន​ក្លាយជា​ទីតាំង​សម្រាប់​ការ​សាងសង់​អាគារ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន Amazon ដែល​កំពុង​ដំណើរការ​យ៉ាង​លឿន។

សេចក្តី​សម្រេច​របស់​តុលាការ​កាលពី​ដើម​ខែ​វិច្ឆិកា ដែល​បាន​ដកចេញ​នូវ​បទ​បញ្ជា​មួយ​ដែល​បាន​រារាំង​ជា​បណ្ដោះ​អាសន្ន​មិន​ឱ្យ​មាន​ការ​សាងសង់​ជា​បន្ត​នូវ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន Amazon នេះ ត្រូវ​បាន​សាទរ​ដោយ​ក្រុមហ៊ុន​សំណង់ Liesbeek Leisure Properties Trust។

ក្រុមហ៊ុន​នេះ​អះអាង​ថា ការ​អភិវឌ្ឍ​លក្ខណៈ​ចម្រុះ​ដែល​មាន​ក្រុមហ៊ុន Amazon ជា​ភាគី​ជួល​ចម្បង​នឹង​បង្កើត​ការងារ​ដែល​ត្រូវការ​ចាំបាច់​បំផុត​ចំនួន​ប្រមាណ ១៩.០០០ ការងារ។

លោក James Tannenberger ដែល​ជា​អ្នក​នាំពាក្យ​ក្រុមហ៊ុន Liesbeek Leisure Properties Trust បាន​និយាយ​ថា៖ «ក្រុមហ៊ុន Liesbeek Leisure Properties Trust ស្វាគមន៍​សេចក្តី​សម្រេច​របស់​តុលាការ ដែល​នេះ​គឺ​ជា​ជ័យជម្នះ​មួយ​សម្រាប់​ពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​ទីក្រុង Cape Town ដែល​ពួកគេ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោង​តម្លៃ ៤.៦០០ លាន​រ៉ង់​នេះ។ សេចក្តី​សម្រេច​នេះ​បាន​បញ្ជូន​សារ​យ៉ាង​ច្បាស់​ទៅ​កាន់​អ្នក​ដែល​ព្យាយាម​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​នេះ ដែល​មិន​បាន​គិត​ពិចារណា​អំពី​ការ​អភិវឌ្ឍ​សង្គម​នៃ​សហគមន៍​ដែល​នៅ​ជុំវិញ»។

ទំហំ​ទឹក​ប្រាក់ ៤.៦០០ លាន​រ៉ង់​នេះ​គឺ​ស្មើ​នឹង​ប្រមាណ ២៦៦ លាន​ដុល្លារ​អាមេរិក។ គេ​មិន​ឃើញ​មាន​ការ​បរិយាយ​ណា​មួយ​ពី​ក្រុមហ៊ុន Amazon ពាក់ព័ន្ធ​នឹង​រឿង​ចម្រូងចម្រាស​នេះ​ទេ។

ក្រុម​សកម្មជន​ដែល​បាន​ទទួល​បទបញ្ជា​នេះ​ពី​តុលាការ​គឺ​សមាគម​ពលរដ្ឋ​ក្រុង Observatory (Observatory Civic Association) ដែល​តំណាង​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​នៃ​ក្រុង Observatory នៅ​ជាយ​ក្រុង Cape Town ដែល​ជា​ទីតាំង​របស់​គម្រោង​សាងសង់​អាគារ​ទីស្នាក់ការ​ក្រុមហ៊ុន Amazon នេះ។

ក្រុម​សកម្មជន​នេះ​បាន​ជួប​ជាមួយ​នឹង​ក្រុម​មេធាវី​កាលពី​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ដើម្បី​ត្រៀម​វិធានការ​បន្ទាន់។

លោក Tauriq Jenkins សមាជិក​ក្រុមប្រឹក្សា​នៃ​កុលសម្ព័ន្ធ Goringhaicona Khoi Khoi បាន​និយាយ​ថា ការ​តស៊ូ​ទាមទារ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។

ពួកគេ​អះអាង​ថា ទីតាំង​គម្រោង​សាងសង់​នេះ​គួរតែ​ត្រូវ​បាន​ប្រកាស​ថា​ជា​បេតិកភណ្ឌ​ពិភពលោក ដោយសារ​តែ​វា​ជា​ទីតាំង​នៃ​ការ​ប្រយុទ្ធ​គ្នា​ដំបូង​រវាង​ជនជាតិ​អាហ្រ្វិក​ខាងត្បូង​និង​ពួក​អាណានិគម​អឺរ៉ុប​កាលពី​ឆ្នាំ ១៥១០។

នៅ​ពេល​នោះ កងកម្លាំង​របស់​កុលសម្ព័ន្ធ Khoi Khoi បាន​យក​ឈ្នះ​លើ​ជនជាតិ​ព័រទុយហ្គាល់​ឈ្លានពាន ដែល​បាន​សម្លាប់​ស្រ្តី​និង​កុមារ​មួយ​ចំនួន​នៅ​ក្នុង​កុលសម្ព័ន្ធ​នេះ។ កុលសម្ព័ន្ធ​នេះ​បាន​ហៅ​កន្លែង​នេះ​ថា​ជា «កន្លែង​ប្រយុទ្ធ​ដំបូង»។

ក្រុម​សកម្មជន​ក៏​ព្រួយ​បារម្ភ​អំពី​បរិស្ថាន​ផង​ដែរ ដោយសារ​តែ​ទីតាំង​នេះ​ជា​កន្លែង​ប្រសព្វ​គ្នា​រវាង​ទន្លេ​ពីរ​គឺ​ទន្លេ Liesbeek និង​ទន្លេ Black។

បទបញ្ជា​តុលាការ​ដែល​ផ្ដល់​ការ​គាំទ្រ​ដល់​ពួកគេ​កាលពី​ខែ​មីនា​ត្រូវ​បាន​ចាត់ទុក​ជា​មោឃៈ​វិញ​កាលពី​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា បន្ទាប់ពី​តុលាការ​ទទួល​បាន​ដំណឹង​ពី​សមាជិក​ដទៃ​ទៀត​នៃ​កុលសម្ព័ន្ធ​របស់​លោក Jenkins ថា លោក Jenkins មិន​មាន​អំណាច​ណា​មួយ​នៅ​ក្នុង​ការ​តំណាង​ឱ្យ​ពួកគេ​នោះ​ទេ និង​ថា​កុលសម្ព័ន្ធ Goringhaicona តាម​ពិត​ទៅ​គឺ​យល់ស្រប​ជាមួយ​នឹង​គម្រោង​អភិវឌ្ឍន៍​នេះ។

ករណី​នេះ​មាន​ន័យ​ថា ពួកគេ​ចូលរួម​ជាមួយ​នឹង​ក្រុម​មួយ​ដែល​មាន​ឈ្មោះ​ថា First Nations Collective ដែល​ក្រុម​នេះ​បាន​បញ្ជាក់​ថា ខ្លួន​តំណាង​ឱ្យ​កុលសម្ព័ន្ធ Khoisan មួយ​ភាគ​ធំ​និង​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​នេះ​កន្លង​មក។

លោក Leslie London ដែល​ជា​សាស្រ្តាចារ្យ​នៃ​សាកលវិទ្យាល័យ Cape Town (University of Cape Town) និង​ជា​ប្រធាន​សមាគម​ពលរដ្ឋ​ក្រុង Observatory បាន​និយាយ​ថា លោក​ជឿ​ថា លោក Jenkins ត្រូវ​បាន​ផ្ចាញ់​ដោយ​សមាជិក​ដទៃ​ទៀត​នៃ​កុលសម្ព័ន្ធ​នេះ។

ប៉ុន្តែ​លោក London លើកឡើង​ថា មិនមែន​អ្វីៗ​ទាំងអស់​ត្រូវ​បាន​បាត់បង់​នោះ​ទេ ដោយសារតែ​តុលាការ​ត្រូវ​ពិនិត្យ​មើល​ថា​តើ​គម្រោង​អភិវឌ្ឍន៍​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ដោយ​ស្រប​ច្បាប់​ដែរ​ឬ​ក៏​អត់។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ករណី​នេះ​នៅ​កំពុង​បន្ត។ វា​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ពួកគេ​មិន​បាន​បោះបង់​ចោល​ការ​ពិនិត្យ​ពិច័យ​លើ​រឿង​នេះ​នោះ​ទេ។ ខ្ញុំ​មិន​ចង់​ឱ្យ​រឿង​ក្តី​នេះ​ជាប់​ក្នុង​ប្រវត្តិសាស្រ្ត​ត្រឹម​តែ​ជា​រឿង​ក្តី​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ប៉ុណ្ណោះ​ទេ។ យើង​នៅតែ​ចង់​ឈ្នះ​ក្តី​នេះ»។

លោក​បាន​បញ្ជាក់​ថា មួយ​ភាគ​ធំ​នៃ​គម្រោង​អភិវឌ្ឍន៍​ទំហំ ១៥០.០០០ ម៉ែត្រ​ការ៉េ​នេះ​ត្រូវ​បាន​សាងសង់​រួចរាល់​ហើយ។

លោក​និយាយ​ដូច្នេះ​ថា៖ «សរុប​មក ពួកគេ​ប្រហែលជា​បាន​សាងសង់​អាគារ​ទាំងមូល​បាន ៤០% ហើយ។ ហើយ​នៅ​មាន​អ្វី​ត្រូវ​ធ្វើ​ច្រើន​បន្ថែម​ទៀត។ អាគារ​ក្រុមហ៊ុន Amazon នឹង​ត្រូវ​សាងសង់​ឡើង​កាន់តែ​ខ្ពស់ ហើយ​នឹង​មាន​អគារ​កាន់​តែ​ច្រើន​ថែម​ទៀត»។

លោក Zenzile Khoisan ដែល​ជា​អ្នក​នាំពាក្យ​ក្រុម First Nations Collective ជឿជាក់​យ៉ាង​ខ្លាំងក្លា​ថា គម្រោង​អភិវឌ្ឍន៍​ថ្មី​នេះ​នឹង​គោរព​ដល់​ប្រវត្តិសាស្រ្ត​របស់​កុលសម្ព័ន្ធ​ជនជាតិ​ដើម។ គម្រោង​នេះ​នឹង​មាន​ដាក់​បញ្ចូល​នូវ​មជ្ឈមណ្ឌល​កេរមរតក សួន​អនុស្សាវរីយ៍ និង​វិថី​នានា​ដែល​ដាក់​ឈ្មោះ​តាម​កុលសម្ព័ន្ធ Khoisan៕