Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋមន្ត្រីការបរទេសអាមេរិក ត្រៀមធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ខណៈកូរ៉េខាងជើង និងរុស្ស៉ីកាន់តែស្អិតល្មួតនឹងគ្នា​

Media LNN | Nov 08, 2023
រដ្ឋមន្ត្រីការបរទេសអាមេរិក ត្រៀមធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ខណៈកូរ៉េខាងជើង និងរុស្ស៉ីកាន់តែស្អិតល្មួតនឹងគ្នា​
Clinic narith

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកានេះ ដើម្បីជួប ពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង នៅចំពោះមុខការកើនឡើងនៃទំនាក់ទំនងយោធាកាន់ស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៉ី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅកូរ៉េខាងត្បូងជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក Blinken មកកាន់តំបន់អាស៊ី ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 និងបើកកិច្ចពិភាក្សាទ្វេភាគីជាមួយក្រុមមន្ត្រីជប៉ុនក្នុងទីក្រុងតូក្យូ មុននឹងបន្តដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ក្នុងបរិបទនៃសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស។ ទស្សនកិច្ចនេះទៀតសោត កើតមានឡើងចំពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមជាមួយ ជប៉ុនបានថ្កោលទោសនូវអ្វីដែលពួកគេចោទថាកូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធ និងបរិក្ខារយោធាសម្រាប់រុស្ស៉ីធ្វើសង្រ្គាមនៅអ៊ុយក្រែន។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល មើលឃើញថាទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរវាងកូរ៉េខាងជើង និងរុស្ស៉ី គឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ ទីក្រុងព្យុងយ៉ាង ដើម្បីទទួលបានសមត្ថភាពយុទ្ធសាស្ត្រយោធាពីរុស្ស៉ីត្រឡប់មកវិញ តួយ៉ាងដូចជាបច្ចេកវិទ្យាផ្កាយរណបស៊ើបការណ៍យោធាជាដើម។

គួរបញ្ជាក់ថា កូរ៉េខាងជើង ត្រូវបានរាយការណ៍ថាកំពុងត្រៀមលក្ខណៈបាញ់បង្ហោះផ្កាយរណស៊ើបការណ៍យោធាសាជាថ្មី ប​ន្ទាប់ពីបានបរាជ័យក្នុង ការបាញ់បង្ហោះ២លើករួចមកនេះ។ ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានអះអាងថាមិនមានកិច្ចព្រមព្រៀងយោធាណាមួយត្រូវបានចុះហត្ថលេខា អំឡុង ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់តំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ដើម្បីជួបលោក ពូទីន កាលពីខែកញ្ញាកន្លងទៅនោះទេ។ ប៉ុន្តែមេដឹកនាំ នៃប្រទេសទាំង២ បានសន្យា និងលើកឡើងពីភាពចាំបាច់ក្នុងការពង្រឹងទំនាក់ទំនងយោធាឱ្យកាន់តែស៊ីជម្រៅ៕