ត្រង់ចំណុចនេះ ជោគជ័យដែលលោកប្រាយុទ្ធចង់សំដៅដល់ គឺការចេញសេចក្តីថ្លែងការណ៍រួមគ្នារបស់សមាជិក APEC។ សេចក្តីថ្លែងការណ៍រួមជាអ្វីដែលគេរំពឹងចង់បាន ហើយធ្លាប់មានសង្ឃឹមតិចថាអាចសម្រេចបានពីកិច្ចប្រជុំ APEC ដែលមានភាគីមួយចំនួនមើលមុខគ្នាមិនចំឡើយ ជាសមាជិកដូចជា អាមេរិក ចិន និងរុស្ស៊ី។
លទ្ធផលកាលពីថ្ងៃសៅរ៍ទី១៩វិច្ឆិកា បាននាំមកនូវភាពធូរស្រាលសម្រាប់ម្ចាស់ផ្ទះ និងសមាជិកដទៃទៀតរបស់ APEC ដែលបង្ហាញថា ក្របខណ្ឌកិច្ចប្រជុំបែបនេះនៅតែអាចដំណើរការទៅបាន នៅក្នុងពិភពលោកមួយដែលកំពុងបែកបាក់ និងបែងចែកក្រុមគ្នា។ នាយករដ្ឋមន្ត្រីគូសបង្ហាញថា មនុស្សគ្រប់គ្នាប្រាថ្នាចង់បន្តការងាររបស់ពួកគេចំពេល ស្ថានភាពពិភពលោកប្រែប្រួល ដើម្បីជំរុញកំណើន និងអនាគតល្អប្រសើរនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។គួរជម្រាបថា មេដឹកនាំ APEC បានទទួលស្គាល់ផលប៉ះពាល់ជាអវិជ្ជមាននៃសង្រ្គាមអ៊ុយក្រែនលើសេដ្ឋកិច្ចពិភពលោក ពោលគឺអតិផរណា និងកំណើនយឺត អសន្តិសុខស្បៀង និងថាមពល ការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងហានិភ័យហិរញ្ញវត្ថុ។ ជាងនេះទៅទៀត APEC បានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី និងបានអំពាវនាវឱ្យបញ្ចប់សង្គ្រាមតាមរយៈដំណោះស្រាយមុនៗរបស់អង្គការសហប្រជាជាតិដែលបានផ្តល់ឱ្យ។
ក្រៅពីនោះ មេដឹកនាំ APEC បានអនុម័តផែនការការងារដើម្បីជំរុញកិច្ចពិភាក្សាស្តីពីតំបន់ពាណិជ្ជកម្មសេរីនៃអាស៊ីប៉ាស៊ីហ្វិក ដែលឆ្ពោះទៅបង្កើនប្រសិទ្ធិភាពពីលើកិច្ចព្រមព្រៀងដែលមានស្រាប់នៅក្នុងតំបន់ និងកែលម្អសមាហរណកម្មសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវីដ-១៩។
នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយនៅថ្ងៃអាទិត្យទី ២០ ខែវិច្ឆិកា បានសរសេរថា សមាជិកភាគច្រើនបានថ្កោលទោសយ៉ាងខ្លាំងចំពោះសង្គ្រាមនៅអ៊ុយក្រែន ខណៈក៏មានការកត់សម្គាល់ផ្សេងទៀតថា មានទស្សនៈផ្សេងគ្នា និងការវាយតម្លៃផ្សេងៗពីគ្នាទៀតអំពីស្ថានភាព និងការដាក់ទណ្ឌកម្មលើរុស្ស៊ី។ សំណេរនេះ គឺស្រដៀងនឹងសេចក្តីប្រកាសកាលពីកិច្ចប្រជុំកំពូល G20 ដែរ។
សមាជិកមានសេដ្ឋកិច្ចជឿនលឿន ដូចជាសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ និងជប៉ុន នៅតែទទូចថ្កោលទោសសង្រ្គាមរបស់រុស្ស៊ីពេញទំហឹង ដោយនិយាយថា APEC នឹងមិនអាចដោះស្រាយអតិផរណានិងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកបានទេ បើគេមិនទទួលស្គាល់មូលហេតុឫសគល់ ដែឡបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែននោះ។
សូមជម្រាបថា APEC មិនធ្លាប់បានចេញសេចក្តីថ្លែងការណ៍រួមណាមួយទេ ចាប់តាំងពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនានា រហូតដល់សប្តាហ៍មុនទើបមានចេញសេចក្តីថ្លែងការណ៍រួម។ សេចក្តីថ្លែងការណ៍ ចុងក្រោយកាលពីថ្ងៃសៅរ៍បានឆ្លុះបញ្ចាំងពីជំហររបស់ប្រទេសអាស៊ីភាគច្រើនដែលចង់រក្សាវេទិកា APEC ឲ្យមានអព្យាក្រឹតភាព ខណៈពេលដែលភាគច្រើនគឺគេចង់ផ្តល់អាទិភាពដល់បញ្ហាកំណើនសេដ្ឋកិច្ចជាជាងភូមិសាស្ត្រនយោបាយ៕