(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចប្រជុំ APEC និង G20 ដែលបានបញ្ចប់ទៅកាលពីសប្ដាហ៍មុន។
ថ្លែងក្នុងមាហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកិច្ចប្រជុំ APEC និង G20 ដែលរៀបចំដោយសមាជិកអាស៊ានក្នុងឆ្នាំនេះនឹងជាវិភាគទានដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព និងមជ្ឈភាពអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ និងសកល។
សម្ដេចតេជោថា៖ «ខ្ញុំក៏សូមអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូល APEC ដោយប្រទេសថៃ និង G20 ដោយប្រទេសឥណ្ឌូនេស៊ីនាពេលថ្មីៗនេះ»។
គួរឱ្យដឹងផងដែរថា ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រធាន G20 ប្រទេសឥណ្ឌូនេស៊ី និងប្រធាន APEC ប្រទេសថៃ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់មេដឹកនាំទាំងពីរនេះ តែត្រូវបានលុបចោលវិញក្រោយពីក្រុមគ្រូពេទ្យប្រទេសឥណ្ឌូនេស៊ីថាសម្ដេចតេជោមានជំងឺកូវីដ-១៩។
ទោះជាយ៉ាងណាក្រោយពីសម្ដេចតេជោ ហ៊ុន សែន បានត្រលប់មកប្រទេសវិញនៅថ្ងៃទី១៥ ខែវិច្ឆិកា និងបានតាមដានរួមទាំងពិនិត្យសុខភាពផងដែរ ក្រុមគ្រូពេទ្យកម្ពុជាបានបញ្ជាក់ថាសម្ដេចតេជោ អវិជ្ជមានកូវីដ-១៩ និងអាចបញ្ចប់ការធ្វើចត្តាឡីស័កបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២៕