ដោយសារតែវៀតណាមកំពុងតែជួបនៅរដូវក្តៅខ្លាំង និងគ្រោះរាំងស្ងួតមិនធ្លាប់មានពីមុនមក បានធ្វើឱ្យការផ្គត់ផ្គង់ថាមពលមានភាពតានតឹងនៅភាគខាងជើងប្រទេសវៀតណាម ដែលជំរុញឱ្យមានការដាច់ចរន្តអគ្គិសនីភ្លាមៗ ដែលនាំឱ្យមានការប៉ះពាល់ទៅដល់ក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាក្រុមហ៊ុនបរទេសជាច្រើនផងដែរ។
យោងតាមការចុះផ្សាយដោយ សារព័ត៌មាន Thai PBS Word បានឱ្យដឹងថា ប្រទេសវៀតណាមគឺជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនសំខាន់ៗមួយចំនួនរបស់ពិភពលោក ដោយមានក្រុមហ៊ុន Samsung ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ឱ្យ Apple ហើយរោងចក្រទាំងនោះនៅភាគខាងជើងមិនឆ្ងាយពីរដ្ឋធានីហាណូយឡើយ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ព្រោះតែវិបត្តិថាមពលនៅវៀតណាម បានធ្វើឱ្យប្រតិបត្តិការនៅរោងចក្រមួយចំនួនធំត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការដាច់ចរន្តអគ្គិសនីរយៈពេលវែងដែលធ្វើឱ្យប៉ះពាល់ទៅដល់ការផលិតរបស់ពួកគេ។លោក Vu Chi Hieu នាយកក្រុមហ៊ុន King Bill XNK របស់វៀតណាមដែលផលិតគ្រឿងបន្លាស់អាលុយមីញ៉ូមនៅក្នុងខេត្ត Bac Ninh នៅជិតទីក្រុងហាណូយបាននិយាយថា “យើងបានដាច់ភ្លើងរយៈពេលជាង ២៦ ម៉ោង ដែលធ្វើឱ្យយើងខាតលុយអស់រាប់ម៉ឺនដុល្លារឯណោះ។ មិនតែប៉ុណ្ណោះ ការដាច់ចរន្តអគ្គិសនីនេះ ក៏បានធ្វើឱ្យសួនឧស្សាហកម្មធំមួយរបស់ជប៉ុនរងផលប៉ះពាល់ផងដែរ។គួរបញ្ជាក់ថា ប្រទេសវៀតណាមបានតស៊ូជាមួយនឹងរលកកំដៅជាបន្តបន្ទាប់ចាប់តាំងពីដើមខែឧសភា នៅពេលដែលសីតុណ្ហភាពបានកើនឡើងដល់កម្រិតខ្ពស់បំផុត ខណៈដែលទន្លេនិងអាងស្តុកទឹកនៅរោងចក្រវារីអគ្គិសនីបានរីងស្ងួត៕