នៅត្រីមាសទី២ នៃឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple រកចំណូលបានជាង ៨២ ពាន់លានដុល្លារ ប៉ុន្តែបានធ្លាក់ចុះ ១ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ដែលនាំឲ្យចំណូលរបស់ក្រុមហ៊ុនបន្តធ្លាក់ចុះក្នុង ៣ ត្រីមាសជាប់ៗគ្នា ។តាមរយៈរបាយការណ៍ចំណូលនេះ នាយកប្រតិបត្តិលោក Tim Cook បាននិយាយថា កន្លងមកក្រុមហ៊ុនមានកំណត់ត្រាល្អពីសេវាកម្មលក់ដូរ នៅអំឡុងត្រីមាសទី ២ ដែលទទួលបានប្រាក់ជាង ១ ពាន់លានដុល្លារ ហើយបន្តបង្ហាញភាពរឹងមាំនៅក្នុងទីផ្សារ ដោយសារការលក់ទូរស័ព្ទ iPhone។
ចំពោះចំណូលនៃសេវាកម្ម ក្រុមហ៊ុនរកបានជាង ២១ ពាន់លានដុលា្លរ សម្រាប់រយៈពេល ៣ ខែនៃត្រីមាសទី ២ ពោលកើនឡើង ៨.២ ភាគរយ ពី ១៩.៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ផ្ទុយទៅវិញ ការលក់ផលិតផលសុទ្ធបានធ្លាក់ចុះជិត ៤.៣ ភាគរយ ពោលមានត្រឹម ៦០.៦ ពាន់លានដុល្លារ ពី ៦៣.៣ ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈប្រាក់ចំណូលសុទ្ធត្រូវបានផ្លាស់ប្តូរតិចតួច ដោយទទួលបាន ១៩.៨ ពាន់លានដុល្លារពី ១៩.៤ ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នានោះ ។
ចំណែកការលក់ iPhone ធ្លាក់ចុះមកនៅត្រឹម ៣៩.៦ ពាន់លានដុល្លារពី ៤០.៦ ពាន់លានដុល្លារ ។ ការលក់ Mac ធ្លាក់ចុះមកត្រឹម ៦.៨ ពាន់លានដុល្លារពី ៧.៤ ពាន់លានដុល្លារ ខណៈដែលការលក់ iPad បានធ្លាក់ចុះមកត្រឹម ៥.៨ ពាន់លានដុល្លារពី ៧.២ ពាន់លានដុល្លារ ។
ទន្ទឹមនឹងការធ្លាក់ចុះនៃការលក់នេះដែរ នាំឲ្យតម្លៃភាគហ៊ុន Apple បានធ្លាក់ចុះ ១.៧ ភាគរយ មកនៅតម្លៃ ១៨៧.៩៣ ដុល្លារក្នុងមួយហ៊ុន ខណៈក្រុមហ៊ុនធ្លាប់បានបង្កើតកំណត់ត្រារកប្រាក់ចំណូលប្រចាំត្រីមាសជាមួយនឹងទឹកប្រាក់ជិត ៨៣ ពាន់លានដុល្លារសម្រាប់រយៈពេល ៣ ខែដែលបញ្ចប់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ៕