Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន Apple ចាត់ទុកចិន ជាទីផ្សារ ដែលមានការប្រកួតប្រជែងខ្លាំងនៅលើពិភពលោក

Media LNN | May 04, 2024
ក្រុមហ៊ុន Apple ចាត់ទុកចិន ជាទីផ្សារ ដែលមានការប្រកួតប្រជែងខ្លាំងនៅលើពិភពលោក
Clinic narith

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក ធីម ឃូក (Tim Cook) បានចាត់ទុកចិន ជាទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងបំផុតមួយក្នុងពិភពលោក ស្របពេលក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ កំពុងជួបបញ្ហាធ្លាក់ចុះបរិមាណលក់ប្រចាំត្រីមាស ដោយសារការធ្លាក់ចុះតម្រូវការនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ និងការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុន Huawei។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះជាង៤% មកនៅត្រឹមជាង៩០ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ។ ការលក់ទូរស័ព្ទ iPhone ដែលជាកម្លាំងជំរុញប្រាក់ចំណូលដ៏ចម្បងរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះជាង១០% ជាសកល មកនៅត្រឹម៤៦ពាន់លានដុល្លារ។

ការលក់ធ្លាក់ចុះនេះមួយផ្នែកធំ បានកើតឡើងនៅតំបន់អាស៊ី ជាពិសេសនៅមហាតំបន់ចិន ដែលគ្របដណ្តប់លើចិនដីគោក ហុងកុង និងកោះតៃវ៉ាន់ ដែលធ្វើឱ្យប្រាក់ចំណូលរបស់ក្រុមហ៊ុននេះធ្លាក់ចុះជាង៨% មកនៅត្រឹមជាង១៦ពាន់លានដុល្លារ សម្រាប់ត្រីមាសទីមួយឆ្នាំនេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលមហាតំបន់ចិននេះ គឺជាក្បាលម៉ាស៊ីនកំណើនដ៏សំខាន់សម្រាប់ក្រុមហ៊ុន Apple ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោក ធីម ឃូក (Tim Cook) បាននិយាយតាមទូរសព្ទ ស្ដីពី ប្រាក់ចំណូលរបស់ក្រុមហ៊ុនលោកកាលពីថ្ងៃព្រហស្បតិ៍ថា លោកនៅតែមើលឃើញប្រទេសចិនថា ជាទីផ្សារមានការប្រកួតប្រជែងដ៏អស្ចារ្យក្នុងរយៈពេលវែងទៅមុខទៀត ដូច្នេះលោកមិនដឹងថា តើត្រីមាសនីមួយៗនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែក្នុងរយៈពេលវែងលោកនៅតែមានទស្សនវិជ្ជមានចំពោះទីផ្សារមួយនេះ។

នាយកប្រតិបត្តិរូបនេះបាននិយាយថា លោកបានធ្វើដំណើរទស្សនកិច្ចដ៏អស្ចារ្យទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំនេះ ហើយថា ការទទួលភ្ញៀវរបស់ហាងលក់ទូរសព្ទ iPhone ថ្មីមួយនៅក្នុងទីក្រុងស៊ាងហៃ របស់ក្រុមហ៊ុន Apple គឺមានភាពកក់ក្តៅខ្លាំងណាស់។ ប៉ុន្តែលោក ឃូក បានទទួលស្គាល់ដែរថា ក្រុមហ៊ុនរបស់លោកនៅតែជួបបញ្ហាប្រឈមជាបន្តបន្ទាប់នៅក្នុងប្រទេសចិន រួមទាំងទិដ្ឋភាពប្រកួតប្រជែងផងដែរ៕