(បរទេស)៖ នៅសល់តែ ២សប្តាហ៍ទៀតប៉ុណ្ណោះ Apple នឹងប្រារព្ធព្រឹត្តិការណ៍សម្ពោធ iPhone ជំនាន់ចុងក្រោយរបស់ខ្លួនជាផ្លូវការហើយ ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះ នៅរោងមហោស្រព Steve Jobs ក្នុង Apple Park រដ្ឋកាលីហ្វ័រញ៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍ដ៏ធំរបស់ Apple នេះមានឈ្មោះថា «Wonderlust» ដែលមានន័យថា ការពុះពារក្នុងការធ្វើដំណើរ។ Apple នឹងចាប់ផ្តើមប្រារព្ធព្រឹត្តិការណ៍នេះនៅម៉ោង ១០ព្រឹកតទៅម៉ោងនៅសហរដ្ឋអាមេរិក ដែលត្រូវនឹងម៉ោង ១២យប់រំលងអាធ្រាតម៉ោងនៅក្នុងប្រទេសកម្ពុជា។ មិនខុសពីរាល់ដងទេ Apple នឹងចាក់ផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណិតដែលមានៅលើ Apple.com ក៏ដូចជានៅក្នុងកម្មវិធី Apple TV ផងដែរ។
គួរជម្រាបដែរថា ក្នុងព្រឹត្តិការណ៍នោះ Apple នឹងប្រកាសបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ទាំង ៤ម៉ូដែល រួមមាន iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max (ដែលអាចត្រូវហៅថា iPhone 15 Ultra)។ តែយ៉ាងណាបើតាមពាក្យចចាមអារ៉ាមកន្លងមក iPhone 15 Pro Max/ Ultra នឹងត្រូវបានពន្យាពេលចេញលក់រហូតដល់តែតុលាឯណោះ ដោយសារតែបញ្ហាខ្សែសង្វាក់ផលិតកម្ម៕